ដោយៈ ម៉ាណា
សៀមរាបៈ រដ្ឋមន្ត្រី ហួត ហាក់បានលើកឡើងថា មគ្គុទ្ទេសក៍ទាំងអស់ បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោក មកកាន់កម្ពុជាវិញ។
លោកថ្លែងបែបនេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល វិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប សម្រាប់ឆ្នាំ២០២៥ ដែលវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៥ថ្ងៃ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង និងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីរដ្ឋបាលខេត្ត និងប្រធានសមាគមទេសចេណ៍ និងសមាគមមគ្គុទេសក៏ទេសចរណ៍ សមាគមភោជនីយដ្ឋាននានាផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចថរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ មគ្គុទ្ទេសក៍ទេសចរណ៍ និងជាសិក្ខាកាម ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស ដែលបានបំពេញការងារក្នុងវិស័យទេសចរណ៍ និងបានដើរតួនាទីជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្ម ព្រមទាំងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជា សំដៅលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើសុំមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ជាប់ជាប្រចាំ។ បន្ថែមលើនេះ សូមមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់ មានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ ត្រូវតម្កល់ឧត្ដមប្រយោជន៍ជាតិ និងកិត្តិយសជាតិជាធំ ដោយត្រូវប្រតិបត្តិវិជ្ជាជីវៈ និងគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។
លោកហួត ហាក់ ក៏បានស្នើឱ្យមានការចូលរួមផ្សព្វផ្សាយឱ្យបានស្រុះគ្នា និងទូលំទូលាយនូវយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង តាមរយៈការផលិតមាតិកា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ៕