រឿងបិទព្រំដែន! សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «យោធាថៃបិទដោយឯកតោភាគី ដូច្នេះបើកឱ្យធម្មតាវិញដោយឯកតោភាគីទៅ គឺចប់ហើយ, កម្ពុជាបើកតាមក្រោយ មិនចាំបាច់ចរចា»

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗទៅកាន់ភាគីថៃ ពាក់ព័ន្ធការបិទព្រំដែន ដែលជាការអនុវត្តតបតទៅនឹងទង្វើររបសយោធាថៃ ដែលបានបិទព្រំដែនដោយឯកតោភាគី ទើបកម្ពុជាបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើពីថៃ គ្រប់ច្រកព្រំដែន។

សម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញដំណោះស្រាយ ដើម្បីបើកច្រកព្រំដែនធម្មតាវិញថា «យោធាថៃបិទដោយឯកតោភាគី ដូច្នេះបើកឱ្យធម្មតាវិញ ដោយឯកតោភាគីទៅ គឺចប់ហើយ ភាគីកម្ពុជានឹងអនុវត្តតាមក្រោយ អត់មានអ្វីលំបាកនោះទេ»។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមានបំណងធ្វើឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋទាំងសងខាង ដែលរស់នៅតាមបណ្តោយព្រំដែននោះទេ ហើយក៏មិនចង់ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មនោះដែរ ប៉ុន្តែនៅសុខៗភាគីយោធាថៃ បិទដោយឯកតោភាគី ដូច្នេះកម្ពុជាត្រូវតែមានការឆ្លើយតប។

ការលើកឡើងយ៉ាងដូច្នេះ របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចបានសង្កត់ធ្ងន់ថា «រឿងបិទព្រំដែននេះ យើងសម្បទានថារឿងនេះ យើងអត់ចរចាទេ ប៉ុន្តែបើសិនជាថៃបើកវិញដោយឯកតោភាគី យើងនឹងបើកវិញដែរ ដើម្បីឱ្យលំហូរនៃទំនិញដល់ប្រជាជនបានដូចដើម យើងសម្បទានដល់ប៉ុណ្ណឹង»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បន្ទាប់ពីផុតឱសានវាទ ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា, កម្ពុជាសម្រេចកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នា លើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here