ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ បានជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោកបណ្ឌិតSanto Darmosumarto ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំកម្ពុជា។
ជំនួបនេះធ្វើឡើង ដើម្បីពិភាក្សាការងារលើការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញ ភ្ញៀវទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា។
លោករដ្ឋមន្រ្តី បានជម្រាបពីសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជា នារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំងការទទួលបដិសណ្ឋាកិច្ច ដែលរៀបចំជាពិសេស សម្រាប់អ្នកទេសចរម៉ូស្លីម គឺ Muslim Friendly Tourism ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាជាគោលដៅទេសចរណ៍ម៉ូស្លីមពេញនិយមមួយផងដែរ។
តាមរយៈយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងការដាក់ចេញនូវ Muslim Friendly Tourism ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រគល់តួនាទីដ៏សំខាន់ ក្នុងការជួយសម្របសម្រួលការងារជាមួយការីទេសចរណ៍គ្រប់ប្រភេទ លើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍ ពិសេសការទទួលបដិសណ្ឋារកិច្ចដែលរួមមានសម្រាប់អ្នកទេសចរម៉ូស្លីម ព្រមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលការធ្វើទេសចរណ៍ ប្រកបដោយផាសុកភាព សន្តិសុខ និងសុវត្ថិភាព។
លោកហួត ហាក់បានបន្តថា អ្វីជាគោលដៅ គឺជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើន នារដូវកាលបៃតងដ៏ស្រស់ស្អាត ដែលរុក្ខជាតិ កំពុងតែរីកស្រស់បំព្រងពណ៌បៃតង អមនឹងធម្មជាតិស្រស់ត្រកាល ដោយការប្រោះព្រំពីតំណក់ទឹកភ្លៀង ប្រៀបដូចជាពរជ័យពីឋានសួគ៌ ក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់ សែនមនោរម្យខ្យល់ត្រជាក់ស្រួល ជួយឱ្យអារម្មណ៍ស្រស់ថ្លា បំបាត់រាល់ទុក្ខកង្វល់ ផ្តល់នូវថាមពលផ្លូវកាយ និងផ្លូវចិត្តឱ្យពេញលេញ៕