ក្រសួងការងារនិងJILAFចុះMOUពង្រឹងកិច្ចសហប្រតិបត្តិការ

ដោយៈ ចំណាន

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោម គម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករ និយោជិតអន្ដរជាតិ។

រដ្ឋមន្រ្តីក្រសួងការងារ លោកហេង សួរ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើជាអធិបតីនៃពិធីចុះMoU ដែលធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាព របស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ នេះបើយោងតាមក្រសួងការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

MoUនេះ បង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគី ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណា​ក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងនោះរួមមាន អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ចិការផ្លូវការ អ្នកបម្រើក្នុងផ្ទះបុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់ប៣, អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀត ដែលបំពេញការងារ ដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់​លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន។

មូលនិធិ JILAFបានចូលរួមកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើគម្រោងនេះ ចាប់តាំងពីឆ្នាំ២០១៩មក។ ពិសេសដោយផ្ដោតសំខាន់លើអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាថាមិនមានកម្មករនិយោជិតណាម្នាក់ត្រូវបានទុកចោលឡើយ សូម្បីតែអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្រសួងបានលើកឡើងថា MoUនេះ បានបញ្ចប់ដោយភាតរភាព ជាមួយនឹងការសន្យារបស់មូលនិធិរបស់ JILAF និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងការិយាល័យអង្គការអន្ដរជាតិខាងការងារប្រចាំប្រទេសជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here