រដ្ឋាភិបាលនឹងប្រារពពិធីបើកសម្ភោធព្រលានយន្តហោះអន្តរជាតិតេជោនៅខែតុលាខាងមុខ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ កញ្ញាខាងមុខនេះ បន្ទាប់ពីការប្រកាសបើកដំណើរការ នៅដើមខែកក្កដា ត្រូវបានពន្យាពេល។

ជា​មួយ​គ្នា​នេះ​នៅ​ដើម​សប្តាហ៍​ក្រោម ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា​ Air Cambodia ក៏​នឹង​ធ្វើ​ពិធី​ទទួល​ស្វាគមន៍​នូវ​យន្តហោះ​ថ្មី​ATR 72-600 ផងដែរ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តី​ជូន​ដំណឹង ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល(SSCA) ដែល​ចុះ​ហត្ថលេខា​ ដោយ​លោកម៉ៅ ហាវណ្ណាល់

រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្រ្តី ទទួល​បន្ទុក​​រដ្ឋលេខាធិការដ្ឋាន​អាកា​សចរណ៍​ស៊ីវិល នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា នេះ បាន​ឱ្យ​ដឹង​ថា យោងតាម​ចំណា​រ ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បាន​កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទ បើកឱ្យប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់4Fជាផ្លូវការ និង​​កំណត់​យក​ថ្ងៃ​ទី​​២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំ​ពិធីសម្ពោធ បើកឱ្យប្រើប្រាស់​អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ជាផ្លូវការ​ក្រោមអធិបតីភាពសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

អាកាសយានដ្ឋាន​អន្តរជាតិតេជោ គឺ​ជា​គម្រោង​វិនិយោគ​​​គ្នា​រវាង​​រដ្ឋ​ និងឯកជន ដោយក្រុមហ៊ុនឯកជនOCIC មានភាគហ៊ុន៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA)១០ភាគរយ។ អាកាសយានដ្ឋាន​នេះ ​បាន​​បើកការដ្ឋាន​សាងសង់កាលពី​ថ្ងៃ​ទី​៧ ​ខែ​មករា ឆ្នាំ​២០២០ លើ​ផ្ទៃដី​ទំហំ២៦០០ ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ រាជធានីភ្នំពេញ​ជា​មួយ​នឹង​​​ទុន​វិនិយោគ​ប្រមាណ១,៥ពាន់លានដុល្លារ​(មិនគិត​បញ្ចូលតម្លៃដី)។

អាកាសយានដ្ឋាន​អន្តរជាតិតេជោ គឺ​ជា​ប្រភេទ​​អាកាសយានដ្ឋាន Greenfield ដែល​មាន​ខ្នាតធំ​លំដាប់ 4F និងអាច​អនុញ្ញាត​ឱ្យ​​យន្ត​ហោះ​ប្រភេទ​ធុនធំៗ​ដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

អាកាសយានដ្ឋាននេះ រចនាឡើងជា​៣ដំណាក់កាល ដោយ​​ដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ អាច​ទទួល​ភ្ញៀវ​បាន​ចំនួន ១៥លាន​នាក់។ ដំណាក់កាលទី២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ​ទទួល​ភ្ញៀវ​បាន​៣០លាន​នាក់ និងដំណាក់កាលពី៣ ចាប់​ពីឆ្នាំ២០៥០ ​អាច​ទទួល​ភ្ញៀវបាន៥០លាននាក់​។​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​មានប្រសាសន៍ឲ្យដឹងថា ក្រៅ​ពី​ដំណឹង​​នៃ​ការ​បើក​ដំណើរ​ការ​ អាកាសយានដ្ឋាន​អន្តរជាតិ​តេជា គឺ​នៅសប្តាហ៍​ក្រោយ ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា ​Air Cambodia ក៏​នឹង​ធ្វើ​ពិធី​ទទួល​ស្វាគមន៍​នូវ​យន្តហោះ​ថ្មី​ ATR 72-600 ផងដែរ​។​

លោក​បាន​ថ្លែង​ថា “វិស័យ​​អាកាសចរណ៍​កម្ពុជា​​ កំពុង​បង្ហាញ​ពី​ភាព​វិជ្ជមាន​ជាបន្ត​បន្ទាប់ ដោយ​​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ នេះ​ក្រុមហ៊ុន Air Cambodia ក៏នឹង​ធ្វើ​ពិធី​ស្វាគមន៍ ​ការ​មក​ដល់​នៃ​យន្តហោះ​ថ្មី ATR 72-600 ដែល​ផលិត​នៅ​ប្រទេស​បារាំង​ផងដែរ”។

យោងតាមរបាយការណ៍​​ របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល​កម្ពុជា ​ឱ្យ​ដឹង​ថា ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣នៅ​​​កម្ពុជា (អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) កាល​ពី​​ឆ្នាំ ២០២៤ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ទទួល​បាន​​​ជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប៥៨,៣៥៤ កើន​ឡើង១៤ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ និង​​អ្នក​ដំណើរ​ឆ្លងកាត់ចេញ-ចូល(ទ្វេរទិស) មាន​ចំនួន៦, ២៤១,៨៤២នាក់ កើន​ឡើង​២២ភាគរយ​។

ចំណែក​ទំនិញ​ដឹក​ជញ្ជូន​ តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​ចំនួន​៧៧,៧៥២​តោន កើន​ឡើង៤០ភាគរយ​។​

កន្លង​មក​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ធ្លាប់​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា នៅ​ពេល​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ បើក​ដំណើរ​ការ​ គឺ​គ្រប់​ប្រតិបត្តិការ​ទាំង​អស់ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង នឹង​ត្រូវ​បិទ​បញ្ចប់​។​

សម្តេចនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជាបាន​ថ្លែង​ថា បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ ទីតាំង​(ដី) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវ​ប្រគល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។

សម្តេចបន្តថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។

លោក​​បញ្ជាក់​ថា “ព្រលានយន្តហោះពោធិ៍ចិនតុង ប៉ុន្មានថ្ងៃនេះឃើញមាន​ការ​និយាយផុសផុល អំពីការលក់ព្រលានយន្តហោះនេះ”។ សម្តចបញ្ជាក់ថា “ខ្ញុំឃើញអ្នកខ្លះថា ច្បាស់ណាស់​រាជរដ្ឋាភិបាលលក់ព្រលានយន្តហោះនេះឱ្យ​វិស័យឯកជន១៥ឆ្នាំមុន”។

សម្តេចបានលើកជាសំណួរថា តើបាន​មកពីណា? ១៥ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង។ បើមានសូមឱ្យ​ឯកសារហ្នឹងមក ក្រែងខ្ញុំមិនដឹង ព្រោះមានតែ២នាក់ទេ​ដែលមានសិទ្ធិក្នុងការសម្រេចដោះដូរ គឺសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី​នៅអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រី​ក្នុងអាណត្តិនេះ។

សម្តេចបញ្ជាក់ទៀតថា “យើងទាំង២នាក់ ​អត់ដែលបានដឹងពីគម្រោង នៅក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុង។ អឺចឹង​អ្នកដែលនិយាយជជែកគ្នា​ខ្ញុំសុំឱ្យ​បញ្ចប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here