សម្ដេចបវរធិបតី៖ បញ្ជាក់ថាកម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសណានោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេស

(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថាកម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសណានោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេស។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល​ជាមួយ​កម្មករនិយោជិតជាង៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ថ្លែងទៅកាន់អង្គពិធី, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលជំហរម្ដងទៀតរបស់កម្ពុជា ដោយមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសនេះ ឬប្រទេសនោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត ដូចអ្វីដែលសម្ដេចធ្លាប់លើកឡើងបញ្ជាក់ជារឿយៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «នៅពេលដែលអាមេរិក និងចិន មានការចរចារគ្នារឿងពាណិជ្ជកម្ម គេចោទថារដ្ឋាភិបាលខ្មែរយកស្ពៃ យកសាច់គោ ហើយខ្ញុំធ្លាប់និយាយម្ដងហើយនៅកំពត មិនថាស្ពៃ មិនថាសាច់គោ​ មិនថាបង្គា បង្កង កំពឹស មិនថាផ្លែឈើ កម្ពុជាយកទាំងអស់មិនថាប្រទេសណាទេ។​ ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ពិតណាស់ផ្ដួចផ្ដើមដោយរដ្ឋាភិបាលកម្ពុជា-ចិន តែក៏មានរោងចក្រសហគ្រាសពីអាមេរិក ពីបារាំង ពីអឺរ៉ុប ពីប្រទេសផ្សេងៗនៅទីនេះ បានន័យថាយើងយកទាំងអស់ ដោយមិនប្រកាន់រើសអើងអ្នកណាទេ»

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា សូម្បីតែប្រទេសមហាអំណាចមិនរើសអើងគ្នាផង តាំងពីការចរចារឡើងកម្ដៅដាក់គ្នារហូតមកត្រជាក់វិញ ដូច្នេះយើងអាចសន្មតថាពិភពលោកមិនអាចរស់ខ្វះគ្នាបានទេ ហើយកម្ពុជារឹតតែគ្មានជម្រើសជ្រើសប្រទេសណាចោលប្រទេសណាដែរ ដើម្បីសេដ្ឋកិច្ចរបស់ជាតិ ដោយផ្ដល់ការងារជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here