ដោយៈសុខុម
អាមរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងតែឃ្លាំមើល នៅពេលក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានអះអាងកាលពីខែសីហាថា ប្រទេសវៀតណាមជាប់ក្នុងបញ្ជីរខ្មៅក្រឡុករូបិយប័ណ្ណ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputniknews កាលពីពេលថ្មីៗនេះឱ្យដឹងថា ប្រទេសវៀតណាម បានជាប់ក្នុងបញ្ជីខ្មៅនៃប្រទេសក្រឡុក តម្លៃរូបប័ណ្ណតាមចិត្ត (currency manipulator) ដែលពេលនេះសភាពាណិជ្ជកម្មអាមេរិក កំពុងតែព្យាយាមទប់ស្កាត់ មិនឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិក យកពន្ធលើការនាំចូលរបស់វៀតណាម ដែលក្នុងមួយឆ្នាំៗ ដែលមានទំហំទឹកប្រាក់ច្រើនពាន់លានដុល្លារ។ សហរដ្ឋអាមេរិកកំពុង ស៊ើបអង្កេត លើការនាំចូលសម្បកកង់រថយន្តក្នុងឆ្នាំ២០១៩ ដោយពេលនោះតម្លៃរូបិយប័ណ្ណដុងរបស់វៀតណាម ត្រូវបានទម្លាក់ថ្លៃប្រមាណ៤,៧% ទល់នឹងរូបិយប័ណ្ណដុល្លារ ដោយសារការអន្តរាគមន៍របស់រដ្ឋាភិបាលក្រុងហាណូយ។
ស្ថាប័នដដែលបានលើកឡើង តាមគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា រដ្ឋាភិបាលក្រុងហាណូយ មិនបានជាប់ “តេស្ដបីចំណុច” របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក សម្រាប់ការអនុវត្តគោលនយោបាយរូបិយប័ណ្ណមិនត្រឹមត្រូវឡើយ។
“តេស្តបីចំណុច”នោះ រួមមានទី១ តើវៀតណាម មានអតិរេកគណនីចរន្ត (current account surplus) នៃ GDP យ៉ាងតិច២% ដែរឬទេ ទី២ តើការទិញសរុប (net purchase) របស់វៀតណាម នូវរូបិយប័ណ្ណបរទេសមានយ៉ាងតិច២% នៃ GDP ក្នុងរយៈពេល១២ខែដែរឬទេ និងទី៣ តើវៀតណាម មានអតិរេកពាណិជ្ជកម្មទ្វេភាគី ជាមួយសហរដ្ឋអាមេរិក យ៉ាងតិច២០ពាន់លានដុល្លារក្នុងរយៈពេល ១២ខែដែរឬទេ។
សភាពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ថា តាមពិតគណនីចរន្តរបស់វៀតណាម បានធ្លាក់ក្នុងឱនភាព គឺមិនមែនអតិរេកនោះទេ ហើយវៀតណាមថែមទាំងទទួលបានអត្ថប្រយោជន៍បន្ថែម ពីលំហូរចូលយ៉ាងច្រើននៃវិនិយោគផ្ទាល់ពីបរទេស (FDI) ទៀតផង ដែលមួយភាគធំ បានទទួលដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដាក់ទៅលើប្រទេសចិន។
ស្ថាប័ននេះបានបន្ថែមទៀតថា ការទិញសរុប (net purchase) របស់វៀតណាម នូវរូបិយប័ណ្ណបរទេសមានតិចជាង ០,៩% នៃ GDP របស់វៀតណាម។
នៅពេលសួរសំណួរចុងក្រោយ សភាពាណិជ្ជកម្មអាមេរិកបានអះអាងថា អតិរេកពាណិជ្ជកម្ម របស់រដ្ឋាភិបាលក្រុងហាណូយ ជាមួយសហរដ្ឋអាមេរិក គឺ៥៤,៤ ពាន់លានដុល្លារ ដែលច្បាស់ណាស់ថា វាលើសពីកម្រិតកំណត់២០ពាន់លានដុល្លារ។ អតិរេកពាណិជ្ជកម្មនេះ មួយភាគធំបានដោយសារតែសហរដ្ឋអាមេរិក ដំឡើងការយកពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន ដែលក្នុងមួយឆ្នាំៗមានទំហំទឹកប្រាក់ជាង២៥០ ពាន់លានដុល្លារ៕