សម្តេចតេជោ៖ គ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងដោយសង្កត់ធ្ងន់ៗថា គ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ហើយរាជរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគម ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវការរីករាយ ចំពោះសមិទ្ធផលដែលសមាគមសម្រេចបាន និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការជួយប្រជាជនកម្ពុជា ផងដែរ ជាពិសេសសម្តេចបានបង្ហាញនូវការពេញចិត្តចំពោះការបណ្តុះបណ្តាល និងការពង្រឹង និងពង្រីកសមត្ថភាពសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបាននូវកម្ចីពីស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជា ហើយសម្តេចតេជោ បញ្ជាក់ទៀតថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានជាង ៩៨ភាគរយ នៃអង្គភាពនៅក្នុងប្រទេសកម្ពុជា ដោយមានប្រមាណ ៧៥៣ ៦៧០ សហគ្រាស ដែលបានផ្តល់ការងារប្រមាណជាង ៧០ភាគរយ នៃកម្លាំងពលកម្មសរុប ដែលមានប្រមាណ ២ ៩០០ ០០០នាក់ ដែលបានកើតចេញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ បន្ថែមពីលើនោះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ៦៣ភាគរយ នៃចំនួនផលិតផលក្នុងស្រុកសរុប។

សម្តេចតេជោ បានបន្តថា កាលពីសម្តេចតេជោ នៅជានាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជ្រោមជ្រែង និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ហើយបន្តដោយសម្តេចមហាបវរធិបតី ផងដែរ។ សម្តេចតេជោ បានជំរុញឲ្យសមាគមបន្តអនុវត្តអ្វីដែលជាគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ២០១៦-២០២៥ គោលនយោបាយជាតិស្តីពីស្វាយចន្ទីរ ២០២២-២០២៧ និងគោលនយោបាយជាតិស្តីពីដំឡូងមីជាដើម ដើម្បីធ្វើយ៉ាងណាពង្រីកសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។

សម្តេចតេជោ ក៏បានរំលេចពីការលើកកម្ពស់ តាមរយៈការរៀបចំទិវាជាតិសហគ្រាសមីក្រូ តូច និងមធ្យម ដែលបានធ្វើនាពេលកន្លងមក ជាផ្នែកនៃការលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

នៅក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានជម្រាបជូនសម្តេចតេជោ នូវរបាយការណ៍ ក៏ដូចជាសកម្មភាព និងសមិទ្ធផល ដែលសមាគមបានសម្រេច នាពេលកន្លងមក។ ឧកញ៉ា បានថ្លែងបន្តថា កន្លងមកសមាគមបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរៀបចំនូវពិធីបុណ្យសំខាន់ៗ ដូចជា បុណ្យសមុទ្រ និងបុណ្យទន្លេ ដែលមានការតាំងផលិតផលនៅក្នុងពិធីបុណ្យទាំងនោះ ហើយក៏មានសកម្មភាពសំខាន់ៗ ដែលសមាគមបានធ្វើការបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម អំពីការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងអាជីវកម្ម ទូទាំងរាជធានីខេត្ត ជាពិសេសការបណ្តុះបណ្តាលឲ្យសហគ្រាសធុនតូច និងមធ្យម អាចមានលទ្ធភាពទទួលបាននូវកម្ចី និងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនេះ ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ពីសកម្មភាពសំខាន់ៗជាច្រើនទៀត ដែលសមាគមបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការចុះជួយផ្សព្វផ្សាយការអប់រំ ឲ្យសហគ្រាសធុនតូច និងមធ្យម និងប្រជាពលរដ្ឋបានឈ្វេងយល់ នាពេលកន្លងមកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here