ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងដីចំណីផ្លូវដែក”។
កិច្ចប្រជុំនេះដឹកនាំដោយលោកលី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងលោកប៊ុន សុផាត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ឋ។
ជាលទ្ធផលអង្គប្រជុំបានពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់និងទិដ្ឋភាពទូទៅ ដោយកែសម្រួលលើទម្រង់ ខ្លឹមសារ និងពាក្យពេចន៍ ដើម្បីធ្វើយ៉ាងណា ធានាឱ្យសេចក្ដីព្រាងអនុក្រឹត្យខាងលើ មានខ្លឹមសារ និងធាតុផ្សំគ្រប់ជ្រុងជ្រោយ ព្រមទាំងមានអនុលោមភាពនិងសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងដីចំណីផ្លូវដែក” កំណត់អំពីវិធានការ និងយន្តការនៃការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងដីចំណីផ្លូវដែក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការសាងសង់ផ្លូវឆ្លងកាត់ និងលុបបំបាត់បាតុភាព រំលោភដីចំណីផ្លូវដែក បង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់ និងកំណត់ភាពស្របច្បាប់ដល់ពលរដ្ឋ បង្កើតស្ដង់ដារនិងបច្ចេកវិទ្យាសមស្រប សម្រាប់ប្រព័ន្ធការពារផ្លូវដែក ផ្លាកសញ្ញាផ្សេងៗ ឧបករណ៍ផ្ដល់ដំណឹង ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ ថែរក្សាគុណភាពផ្លូវដែក និងបង្កលក្ខណៈងាយស្រួលសល់ចរាចរណ៍តាមផ្លូវដែក៕