ដោយៈម៉ាណេត
ភ្នំពេញៈ វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) នឹងផ្តល់អាទិភាពដល់តម្លាភាពភាព សុខដុមនីយកម្មបទប្បញ្ញត្តិ និងការកសាងមូលធន សម្រាប់ផែនការសកម្មភាពរយៈពេល៥ឆ្នាំខាងមុខ ក្នុងគោលបំណងបង្កើនទីផ្សារមូលធន ក្នុងតំបន់ប្រកបដោយនិរន្តរភាព និងគាំទ្រដល់ប្រតិបត្តិការអភិបាលកិច្ច បរិស្ថាន និងសង្គម។
លោក Ruenvadee Suwanmongkol អគ្គលេខាធិការនៃគណៈកម្មការមូលប័ត្រថៃ (SEC) បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាACMF លើកទី៣៣ កាលពីម្សិលមិញ ដើម្បីគាំទ្រការងារអាទិភាពចំនួន៥ សម្រាប់ផែនការសកម្មភាពឆ្នាំ២០២១-២៥ របស់វេទិកា ACMF។ នេះបើយោងតាមការចេញផ្សាយកាសែតបាងកកប៉ុស្តិ៍ កាលពីម្សិលមិញ។
ការអាទិភាពទាំង៥របស់ផែនការទាំងនោះ រួមមានការកែលម្អកម្រិតតម្លាភាព និងការបង្ហាញជាសាធារណៈ ការបន្តភាពសុខដុមនីយកម្មបទប្បញ្ញត្តិ ការពង្រឹងសមត្ថភាពពង្រីកការប្រាស្រ័យទាក់ទង និងការយល់ដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល។
កិច្ចប្រជុំនេះក៏បានស្វាគមន៍ ចំពោះការផ្តល់ជំនួយបច្ចេកទេស ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើម សញ្ញាប័ណ្ណអាកាសធាតុ ដែលគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវរបស់វេទិកា ACMF ផ្តោតលើគំនិតផ្តួចផ្តើមហិរញ្ញវត្ថុ ប្រកបដោយចីរភាព។
វេទិកា ACMF មានបំណងស្វែងយល់ពីស្តង់ដារ ភ្ជាប់បណ្តាញនិរន្តរភាពអាស៊ាន ដើម្បីជួយសម្រួលដល់ការចេញផ្សាយប័ណ្ណបំណុល។ ការណ៍នេះ គួរតែបំពេញបន្ថែមនៃស្តង់ដារប័ណ្ណបំណុល ដែលវេទិកា ACMF បានណែនាំរួចហើយ សម្រាប់ប័ណ្ណបំណុលបៃតងសង្គម និងនិរន្តរភាព។
ដើម្បីលើកកម្ពស់បណ្តាញហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពក្នុងតំបន់ វេទិកា ACMF នឹងធ្វើការសិក្សាលើការអភិវឌ្ឍពន្ធបៃតង ប្រកបដោយនិរន្តរភាព និងអន្តរកាលសម្រាប់អាស៊ាន។
វេទិកានេះគ្រោងនឹងបន្តឃ្លាំមើល ការអភិវឌ្ឍអន្តរជាតិនៃស្តង់ដារ ផ្សព្វផ្សាយប្រកបដោយចីរភាព ដែលជាមធ្យោបាយមួយ ដើម្បីជូនដំណឹងថែមទៀត នូវគំនិតផ្តួចផ្តើមរបស់ ACMF ស្តីពីការបង្ហាញពីនិរន្តរភាពរបស់សាជីវកម្ម ក្រោមគម្រោងរបស់ខ្លួន។
វេទិកានេះក៏បានប្រកាសផងដែរថា ខ្លួនចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអាស៊ានស្តីពី ការអភិវឌ្ឍទីផ្សារមូលធន (WC-CMD)ដើម្បីជំរុញរបៀបវារៈហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព នៅក្នុងទីផ្សារមូលធនក្នុងតំបន់៕