ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato អះអាងថា បណ្ណរតនាគាររបស់សហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលជប៉ុនបានទិញ ក្នុងទំហំទឹកប្រាក់ជាង១ទ្រីលានដុល្លារជាសន្លឹកបៀមួយ ក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ការកត់សម្គាល់នេះបានកើតមានឡើងបន្ទាប់ពី មន្ត្រីទទួលបន្ទុកចរចាពាណិជ្ជកម្មរបស់ប្រទេសជប៉ុនលោក Ryosei Akazawa បានជួបជាមួយលោករដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent នៅទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចចរចាទ្វេរភាគីជុំទី២។
លោក Kato បានបន្តថា គោលបំណងធំចម្បង ដែលប្រទេសជប៉ុនទិញបណ្ណរតនាគាររបស់សហរដ្ឋអាមេរិកច្រើនជាងគេបំផុតលើពិភពលោក ដើម្បីធានាថា រដ្ឋាភិបាលជប៉ុនមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីធ្វើអន្តរាគមន៍ទៅលើប្រាក់យ៉េន ក្នុងករណីចាំបាច់។
នៅពេលត្រូវបានសាកសួរថា តើជប៉ុនអាចធានាដល់សហរដ្ឋអាមេរិកថា ជប៉ុននឹងមិនលក់បណ្ណរតនាគារអាមេរិកដែលខ្លួនមានក្នុងអំឡុងកិច្ចចរចាឬអត់? លោក Kato បានឆ្លើយតបនៅក្នុងកម្មវិធីទូរទស្សន៍មួយថា “យើងច្បាស់ជាត្រូវដាក់សន្លឹកបៀទាំងអស់នៅលើតុចរចា ហើយបណ្ណរតនាគារអាមេរិកជាសន្លឹកបៀមួយក្នុងចំណោមសន្លឹកបៀផ្សេងទៀត”។
ការសម្រុកលក់ចេញបណ្ណរតនាគារអាមេរិកកាលពីខែមេសាជាកត្តាមួយ ដែលនាំឱ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្យារពេល៩០ថ្ងៃលើការអនុវត្តន៍ពន្ធបដិការ(Reciprocal tariff) ដោយបើកផ្លូវឱ្យមានការចរចាទ្វេរភាគីរវាងសហរដ្ឋអាមេរិក និងប្រទេសដៃគូពាណិជ្ជកម្មនានា។
ហេតុអ្វីសហរដ្ឋអាមេរិកមានការព្រួយបារម្ភ នៅពេលបណ្តាប្រទេសផ្សេង ដូចជា ជប៉ុន និងចិន លក់ចេញបណ្ណរតនាគារអាមេរិក?។
មូលហេតុបណ្តាលមកពីប្រទេសចិន និងប្រទេសជប៉ុនជាម្ចាស់បំណុលដ៏ធំរបស់សហរដ្ឋអាមេរិក។ ហេតុនេះ ប្រសិនបើចិន និងជប៉ុនសម្រុកលក់ចេញបណ្ណរតនាគារអាមេរិកជាច្រើន ក្នុងពេលតែមួយ នោះវាអាចធ្វើឱ្យទីផ្សារជន់ជោរ។
ការសម្រុកលក់បណ្ណរតនាគារអាមេរិកអាចជំរុញឱ្យតម្លៃសញ្ញាបណ្ណដាំក្បាលចុះ និងបែរជានាំឱ្យអត្រាការប្រាក់កើនឡើង។ ការណ៍នេះធ្វើឱ្យរដ្ឋាភិបាលអាមេរិកត្រូវបង់អត្រាការប្រាក់ខ្ពស់លើការខ្ចីប្រាក់។
ម្យា៉ងទៀត នេះជាសញ្ញាបង្ហាញពីការបាត់បង់ទំនុកចិត្តលើសេដ្ឋកិច្ច ឬប្រាក់ដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនទូទាំងពិភពលោក ប្រសិនបើចិន និងជប៉ុនសម្រុកលក់ចេញបណ្ណរតនាគារអាមេរិក។
ការលក់ចេញបណ្ណរតនាគារអាមេរិកប្រៀបដូចជាការលក់ចេញប្រាក់ដុល្លារអាមេរិកដូច្នោះដែរ ដែលអាចធ្វើឱ្យតម្លៃប្រាក់ដុល្លារចុះថោក និងបង្កឱ្យមានអតិផរណានៅក្នុងសហរដ្ឋអាមេរិក៕ប្រភព: Reuters៕