អង្គការ ILO អះអាងថា​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ធ្វើឱ្យ​បាត់បង់ ៨១លាន​ការងារនៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ដោយៈ​សុខុម

ភ្នំពេញៈ យោងតាម​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)បានឱ្យដឹងថា ការផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​មកលើ​សេដ្ឋកិច្ច និង​ធ្វើឱ្យ​បាត់បង់​ការងារ​ជាង៨១កន្លែង​ក្នុង​ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​សារព័ត៌មាន TheEdgeMarkets ចុះផ្សាយ​កាលពី​ថ្ងៃទី១៦ ធ្នូ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Chihoko Asada Miyakawa នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ ILO បានលើកឡើង​តាមរយៈ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃ​អង្គារ ទី១៥ ធ្នូ​ថា “វីរុស​កូ​វីដ-១៩ បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ មកលើ​ទីផ្សារការងារ​ក្នុង​តំបន់។ ការការពារ​សន្តិសុខ​សង្គម ដែលមាន​កម្រិត​ទាប និង​សមត្ថភាព​នៅមានកម្រិត​របស់​ស្ថាប័ន ក្នុងប្រទេស​ជាច្រើន​បានធ្វើឱ្យ​ក្រុមហ៊ុន​សហគ្រាស និង​កម្មករ និយោជិត ពិបាក​នឹង​ក្រោកឈរ​ឡើងវិញ” ។

របាយការណ៍​របស់​អង្គការ​នេះ​បាន​បង្ហាញថា អត្រា​ការងារ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី   ហ្វិ​កបាន​ធ្លាក់ចុះ ៤,២ភាគរយ បើ​ធៀប​នឹង​អត្រា​មុនពេល​មាន​វិបត្តិ​សកល​នេះ ដោយ​ស្ត្រី​មាន​ចំនួន ៤,៦% ហើយ​បុរស​មាន​ចំនួន៤% ។ យុវវ័យ​បាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ទាំងអស់ ព្រោះ​ពួកគេ​ធ្វើការ​គិតថ្លៃ​កម្លាំង​ពលកម្ម​តាម​ម៉ោង ហើយ​ឱកាស​បាត់បង់​ការងារ​របស់​ពួកគេ​ខ្ពស់ជាង​អ្នកផ្សេង​ពី៣ ទៅ១៨ដង។

ដោយសារ​ការងារ​គិតថ្លៃ​កម្លាំង​ពលកម្ម​តាម​ម៉ោង​មាន​តិច  បានធ្វើឱ្យ​ប្រាក់ចំណូល​ជា​មធ្យម​កំពុង​ធ្លាក់ចុះ។ គិត​ជា​សរុប ប្រាក់ចំណូល​បាន​ពី​កម្លាំង​ពលកម្ម ក្នុង​តំបន់​បាន​ធ្លាក់ចុះ​រហូតដល់ ៩,៩% ក្នុង​រយៈពេល៣ត្រីមាស​នៃ​ឆ្នាំ២០២០ ដែល​ស្មើនឹង​ការធ្លាក់ចុះ GDP (ផលិតផល​ក្នុងស្រុក​សរុប) ៣,៤% ។

យោងតាម​របាយការណ៍​ដដែល​ឱ្យដឹងទៀតថា “កម្មករ និយោជិត​យ៉ាងច្រើន​ត្រូវបាន​រុញ​ទម្លាក់​ចូលក្នុង​ភាពក្រីក្រ។ សេដ្ឋកិច្ច កម្មករនិយោជិត និង​ក្រុមហ៊ុន​សហគ្រាស​ក្នុង​តំបន់​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ងើប​ចេញពី​វិបត្តិ​នេះ និង​បោះជំហាន​ឆ្ពោះទៅរក​កំណើន​ប្រកបដោយ​បរិ​យា​ប័ន (inclusive growth)” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here