World Bank ថា​កម្ពុជា​ចាំបាច់​ជំរុញ​ការវិនិយោគ​ក្នុងស្រុក​និង​ពី​បរទេស​ដើម្បី​ងាកចេញពី​វិបត្តិ​កូ​វីដ១៩បាន​ឆាប់

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់ ក្នុង​ការជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ ក្នុងស្រុក និង​ពី​បរទេស​ឱ្យ​ទាញយក​ផលចំណេញ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ក្នុង​តំបន់ ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ ដើម្បីឱ្យ​ឆាប់​រើខ្លួន​ចេញពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។ នេះ​បើ​យោងតាម​ការ​អនុសាសន៍​របស់​ធនាគា​រ​ពិភពលោក (World Bank) កាលពី​ម្សិលមិញ។

លោកស្រី​អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារពិភពលោក មានប្រសាសន៍ថា “ឆ្ពោះទៅ​ពេលខាងមុខ ជាការ​ចាំបាច់​ដែល​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ឱ្យ​ទាញយក​ផលចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បន្តទៀតថា “លទ្ធភាព​នេះ​អាចធ្វើ​ទៅរួច តាមរយៈ​ការដាក់ចេញ​ឱ្យបាន​ឆាប់រហ័ស​នូវ​ច្បាប់ វិនិយោគ​មាន​ភាព​ប្រកួតប្រជែង និង​ប្រការ​លើកទឹកចិត្ត​នានា​ដល់​ការវិនិយោគ អមដោយ​វិធានការ​ទាំងឡាយ សំដៅ​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើ​អាជីវកម្ម ផងដែរ” ។

ក្នុង​គោលបំណង​ជួយ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ឆាប់​រើខ្លួន​ចេញពី​ការ​រាតត្បាត​ជំងឺ​នេះ ជា​អនុសាសន៍ របាយការណ៍​របស់ World Bank បាន​ស្នើឱ្យ​បង្កើន​ការវិនិយោគ​សាធារណៈ​ស​ម្រា​ប់​ជួយ​ដល់​ជន​ក្រី​ក្រី និង​សម្រាប់​ជំរុញ​កំណើន រួមមាន​ទាំង​កម្មវិធី​បង្កើត​ការងារ​ជា​ថ្នូរ​យកប្រាក់​កម្រៃ​ប្រចាំថ្ងៃ (cash-for-work projects) ទន្ទឹមគ្នានេះ លើកកម្ពស់​វិស័យ​អតិពលកម្ម​នានា ដើម្បី​បង្កើត​ការងារ​ក្នុងឱកាស ដែល​មានការ​ងើបឡើង​ឆាប់រហ័ស​នៃ​តម្រូវការ​ទំនិញប្រើប្រាស់​ក្នុងស្រុក។

របាយការណ៍​ក៏បាន​លើកឡើង​ដែរ នូវ​ឱកាស​នានា​សម្រាប់​សម្រួល​ការពង្រីក ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន និង កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)។

របាយការណ៍​នេះ បានចង្អុលបង្ហាញ​ដែរ អំពី​សារៈសំខាន់​ចាំបាច់​បំផុត​នៃ​ការរៀបចំ​បង្កើន​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ សម្រាប់​វ៉ាក់សាំង​កូ​វី​ឌ១៩ ក៏ដូចជា​ការតាមដាន​ឱ្យបាន​ដិតដល់​ផងដែរ នូវ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​បង្កដោយ​កំណើន​អូសបន្លាយ​យូរពេក របស់​វិស័យ​សំណង់ និង​អចលនទ្រព្យ។

ការស្ទង់មតិ​តាម​ទូរស័ព្ទ ដែល​ធនាគារពិភពលោក​បានធ្វើ​ពីរដង ក្នុង​រយៈពេល​កន្លងទៅ​បានឱ្យដឹងថា ចំនួន​អ្នកផ្តល់​ចម្លើយ ដែល​កំពុងធ្វើការ​ក្នុងពេល​ស្ទង់​មតិ មានការ​ធ្លាក់ចុះ​ពី៨២ភាគរយ នៅពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ១៩ដំបូង មក​នៅត្រឹម៧១ភាគ​ក្នុង​ខែឧសភា ឆ្នាំ២០២០ ហើយ​តួលេខ​នេះ ហាក់ដូចជា​នៅ​ដដែល​ក្នុង​ខែសីហា ឆ្នាំ២០២០ ។

ការ​រាតត្បាត​ជំងឺ​នេះ នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន ទៅលើ​សកម្មភាព​ធុរកិច្ច ដែល​មិនមែនជា​ការដាំដុះ ប៉ុន្តែ​ក្នុង​សភាព​មួយ​ដែល​មិនសូវ​ធ្ងន់ធ្ងរ​ណាស់ណា​ទេ បើ​ប្រៀបធៀប​ទៅនឹង​ពេលដែល​វិបត្តិ​នេះ​បាន​ផ្ទុះឡើងភ្លាម។

ការបាត់បង់​ចំណូល នៅតែមាន​ទំហំធំធេង​នៅឡើយ បើទោះជា​ការធ្លាក់ចុះ​ចំណូល​គ្រួសារ​ថយ​ល្បឿន​បន្តិច​វិញ ក្រោយពី​រដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​ថ្មី​មួយ សម្រាប់​ផ្ទេរ​សាច់ប្រាក់​ទៅ​ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។ ការស្ទង់មតិ​ទាំងនោះ​បង្ហាញថា ជិត៩០ភាគរយ​នៃ​ក្រុមគ្រួសារ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា ជា​អ្នក​ក្រក្រី ដែល​ពួកគេ​បាន​រាយការណ៍​ថា បានទទួល​ប្រាក់​សង្គ្រោះ​នៅក្នុង​ខែសីហា និង​កញ្ញា។

របាយការណ៍​នេះ មាន​ជំពូក​ពិ​សេសមួយ​ផ្តោតទៅលើ ការស្ទង់មតិ​លើ​សកម្មភាព​ធុរកិច្ច​កម្ពុជា (Cambodia Business Pulse Surveys/BPS) ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​ស្វែងយល់​អំពី ផលប៉ះពាល់​របស់​កូ​វីដ១៩ទៅលើ​ធុរកិច្ច។ ការស្ទង់មតិ​លើ​សកម្មភាព​ធុរកិច្ច​នេះ ត្រូវបានធ្វើ​ជាមួយ​ក្រុម​ហ៊ុន​ជាង៥០០ក្រុមហ៊ុន ដែល​បានចាប់ផ្តើម​ពី​ខែមិថុនា​ដល់​ខែកញ្ញា ហើយ​លទ្ធផល​បង្ហាញថា អាជីវកម្ម​ជាច្រើន​បាន​បើកទ្វារ​ឡើងវិញ​ហើយ​តាំងពី​ខែមិថុនា​មក។

យ៉ាងណាក្តី ការលក់​នៅមានកម្រិត​ទាប​ខ្លាំង ពិសេស​សម្រាប់​អាជីវកម្ម​ខ្នាត​មីក្រូ តូច និង​មធ្យម និង​សម្រាប់​បណ្តា​ក្រុមហ៊ុន​ជាច្រើន​នៅ​ខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here