ប្រទេសឡាវគ្រោងបញ្ចប់ការសាងសង់ទំនប់វារីអគ្គិសនីតម្លៃ៣ពាន់លានដុល្លារក្នុងទីក្រុងហ្លួងព្រះបាងនៅឆ្នាំ២០២៧

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឡាវកំពុងបន្តសាងសង់គម្រោងទំនប់វារីអគ្គិសនីខ្នាតយក្សតម្លៃ៣ពាន់លានដុល្លារនៅជិតតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូស្ថិតក្នុងទីក្រុងហ្លួងព្រះបាង។

ទំនប់វារីអគ្គិសនីនៅទីក្រុងហ្លួងព្រះបាង នឹងមានសមត្ថភាពផលិតថាមពល១.៤៦០មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ និងជាទំនប់វារីអគ្គិសនីទី៣ នៅក្នុងប្រទេសឡាវ ដែលអាចបិទខ្ទប់សរសៃឈាមដ៏សំខាន់នៃលំហូរទឹកទន្លេមេគង្គក្រោម។

គម្រោងនេះត្រូវបានរំពឹងថា នឹងបើកដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៧ខាងមុខ ខណៈការងារសាងសង់កំពុងដំណើរការទៅមុខយ៉ាងឆាប់រហ័ស បន្ទាប់ពីបើកការដ្ឋានកាលពីឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថិតក្រោមការសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនថៃ និងបណ្តាក្រុមហ៊ុនដទៃទៀត ទំនប់វារីអគ្គិសនីនៅទីក្រុងហ្លួងព្រះបាងជាផ្នែកមួយនៃមហិច្ឆិតារបស់ប្រទេសឡាវក្នុងការប្រែក្លាយជាប្រទេសនាំចេញថាមពលអគ្គិសនីឈានមុខគេក្នុងតំបន់។

ក្នុងរយៈពេល២ទស្សវត្សន៍កន្លងមកនេះ ការវិនិយោគលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងអស់នៅក្នុងប្រទេសឡាវមានទំហំទឹកប្រាក់ប្រហែល៤០ពាន់លានដុល្លារអាមេរិក ខណៈដើមទុនភាគច្រើនទទួលបានពីធនាគារបរទេស។

យ៉ាងណាមិញ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះកំពុង​ជះផលប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ទីក្រុងហ្លួងព្រះបាង (Luang Prabang) ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

មគ្គុទ្ទេសក៍ទេសចរណ៍ឡាវមួយរូបបានអះអាងថា ជនបរទេសដែលមកកំសាន្តនៅទីនេះចូលចិត្តជិះទូកដើម្បីមើលសម្រស់ធម្មជាតិ ដើមឈើ សត្វស្លាប និងគោក្របីតាមមាត់ទន្លេដូចកាលពីមុន។

ទោះជាយ៉ាងណា នាពេល​នេះ​ ច្រាំង​ទន្លេ​កំពុង​បាក់ស្រុត ដោយសារការស្ថាបនាគម្រោងទំនប់​វារីអគ្គិសនីខាងលើ។

ម៉្យាងទៀត ក្រុមអ្នកជំនាញបានព្រមានថា ទំនប់វារីអគ្គិសនីនៅទីក្រុងហ្លួងព្រះបាងនឹងបំផ្លាញធនធានជលផលទឹកសាប ដែលជាប្រភពជាតិកាឡូរីដ៏សំខាន់សម្រាប់ប្រជាជនក្នុងតំបន់៕ប្រភព: MRC៕

LEAVE A REPLY

Please enter your comment!
Please enter your name here