ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាត្តជូនលោក Tull Traisorat ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំង និងសហការីអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់ថា បេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសគឺកំណើននៃវិនិយោគពីវិស័យឯកជនថៃនៅកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងរាក់ទាក់ ក្នុងនាមជាប្រជាជាតិ ដែលមានភូមិផងរបងជាមួយ និងមានប្រពៃណីទំនៀមទំលាប់ស្ទើរតែដូចគ្នា។
លោកឯកអគ្គរាជទូត ក៏បានធ្វើការកត់សម្គាល់លើការរីកចម្រើនថ្មីៗរបស់កម្ពុជាទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសង្កេតឃើញពីភាពជោគជ័យ និងការកើនឡើងនៃម៉ាកសញ្ញាផលិតផល និងសេវាកម្មនានាពីប្រទេសថៃនៅកម្ពុជា។ ឯកឧត្តមបានបន្ថែមថា កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលជាឱកាស នៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាអាទិ៍រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស សេវាសុខភាព ផលិតផលទាក់ទងនឹងសុខុមាលភាព និងសម្រស់ និងការកែច្នៃចំណីអាហារ ជាដើម។
តាមរយៈជំនួបប្រកបដោយភាពស្និទ្ធស្នាលនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងថៃ ពិសេសលើការងារអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតាមខ្សែបន្ទាត់ព្រំដែន ដោយសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការល្អៗ បន្ថែមទៀតក្នុងវិស័យនេះ ដើម្បីជំរុញការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕