អ្នកជំនាញជប៉ុនចូលរួមគម្រោងពង្រឹងសមត្ថភាពធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា(SF-CLIP)

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រុមមន្រ្តីសាធារណៈការ និងដឹកជញ្ជូន និងអ្នកជំនាញជប៉ុននៃអង្គការJICA បានចូលរួមកិច្ចប្រជុំសម្របសម្រួលលើគំរោងធ្វើឲ្យប្រសើរឡើង និងពង្រឹងសមត្ថភាពប្រព័ន្ឋភស្តុរភារកម្មនៅកម្ពុជា។

កាលពីថ្ងៃទី២ មិនា លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះ និងលោកស្រី MIURA Yoshiko  តំណាងជាន់ខ្ពស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួល ការអនុវត្តគម្រោងពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា(SF-CLIP) ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីសកម្ម​ភាពការងាររួម នៃការកែលម្អធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ និងផ្លូវដែក ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន វឌ្ឍនភាពនៃការងារសិក្សា អំពីមណ្ឌលភស្តុភារកម្មក្នុងតំបន់ ការពិនិត្យ វាយតម្លៃរបស់ក្រុមការងារនីមួយៗ ក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងការប្រមូលធាតុចូលបន្ថែម សំដៅរួមចំណែកពង្រឹងការអនុវត្តគម្រោង ការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ធានាបាននូវការគ្រប់គ្រងការដឹកជញ្ជូន កាន់តែមានប្រសិទ្ធភាព និងមានតម្លៃឡូជីស្ទីកកាន់តែទាប។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីគម្រោងធ្វើឱ្យប្រសើរប្រព័ន្ធភស្តុភារកម្មកម្ពុជា ដែលបាននិងកំពុងអនុវត្តមាន៣ដំណាក់កាល៖ ដំណាក់កាលទី១ បានចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០២០ ដំណាក់កាលទី២ បានអនុវត្តពីចុងឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ និងដំណាក់ទី៣ គ្រោងអនុវត្តរយៈពេល៣ឆ្នាំ គិតចាប់ពីដើមឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០២៧។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់អ្នកជំនាញមកពី JICA ដែលបានចូលរួមសហការ ក្នុងការជំរុញ និងការស្វះស្វែងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះ សម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួយក្រុមការងារទាំងអស់បន្ថែមទៀត ដើម្បីជំរុញការអនុវត្តគម្រោងឱ្យទទួ​លបានជោគជ័យ សំដៅលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក តាមព្រំដែននៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here