ដោយៈ ហាក់ គីមថុង
ភ្នំពេញៈ បញ្ហាបំណុលជារឿងឈឺក្បាលបំផុត សម្រាប់មនុស្សស្ទើរតែគ្រប់គ្នា ខណៈសេដ្ឋកិច្ចបាន និងកំពុងមានបញ្ហាទាំងពិភពលោក និងកម្ពុជា។
លោកហាក់ គីមថុងអ្នកជំនាញអចលនទ្រព្យមួយរូប ដែលបានបញ្ចប់ការសិក្សានៅបរទេស បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីថ្ងៃទី១១ មិថុនាថា ថ្ងៃនេះខ្ញុំមានគន្លឹះមួយចំនួនសម្រាប់បងប្អូនដែលកំពុងជួបបញ្ហាបំណុល។
លោកបញ្ជាក់ថា “កុំទាន់អស់សង្ឃឹម! ខ្ញុំដឹងថាវាលំបាក ហើយសម្ពាធទាំងនោះ អាចធ្វើឲ្យយើងបាក់ទឹកចិត្ត ប៉ុន្តែសូមចាំថា បំណុលមិនមែនជាទីបញ្ចប់ឡើយ។ វាគ្រាន់តែជាឧបសគ្គមួយ ដែលយើងអាចជំនះបាន”។
តើធ្វើដូចម្តេចទើបអាចដោះខ្លួនពីបំណុលបាន?
លោកហាក់ គីមថុងបានសរសេរថា ខ្ញុំមិនមែនជាអ្នកដែលធ្លាប់ជំពាក់បំណុលវ័ណ្ឌកនោះទេ។ នេះក៏ដោយសារតែ ចំណេះដឹងហិរញ្ញវត្ថុ ការប្រយ័ត្នប្រយែង និងភាពមិនលោភលន់ និងហ៊ានធ្វើហួសប្រមាណនឹងសមត្ថភាព។ ប៉ុន្តែខ្ញុំបានឃើញ និងបានស្តាប់នូវរឿងរ៉ាវជាច្រើន ពីអ្នកដែលបានឆ្លងកាត់បទពិសោធន៍ជូរចត់នេះ ដោយជោគជ័យ។
ពួកគេបានបង្ហាញខ្ញុំថា ការដោះបំណុលទាមទារនូវភាពអត់ធ្មត់ ផ្នត់គំនិតវិជ្ជមាន និងការតាំងចិត្តដ៏មុតមាំ។ គោលគំនិតល្អៗដែលខ្ញុំបានទទួលពីអ្នក ដែលធ្លាប់ជួបស្ថានភាពនេះ អ្នកធ្លាប់ដោះខ្លួនចេញរួច និងអ្នកដែលមានបទពិសោធន៍ច្រើន ខ្ញុំសូមយកមកចែករំលែកជូនបងប្អូនដូចខាងក្រោម៖
១. ទទួលស្គាល់ និងប្រឈមមុខ
ជំហានដំបូងគឺការ ទទួលស្គាល់ការពិត។ កុំគេចវេសពីបញ្ហាបំណុលរបស់អ្នក។ អង្គុយចុះ ហើយពិនិត្យមើលបំណុលទាំងអស់ដែលអ្នកមានថា តើជំពាក់គេប៉ុន្មាន ជំពាក់អ្នកណាខ្លះ និងការប្រាក់ប៉ុន្មាន។ ការដឹងច្បាស់ពីស្ថានភាពរបស់អ្នក នឹងជួយអ្នករៀបចំផែនការបានត្រឹមត្រូវ។
២. កុំខ្ចីបំណុលបន្ថែមដើម្បីសងបំណុលចាស់
សូមកុំខ្ចីលុយបន្ថែម ដើម្បីយកទៅសងបំណុលផ្សេងទៀតឲ្យសោះ! នេះជាកំហុសដ៏ធំមួយ ដែលអាចធ្វើឲ្យបន្ទុករបស់អ្នកកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់។ វាប្រៀបដូចជាការបន្ថែមភ្លើងទៅលើគំនរចំបើងដែលកំពុងឆេះស្រាប់។ ការធ្វើបែបនេះ នឹងបង្កើនទាំងចំនួនបំណុល និងការប្រាក់ ដែលធ្វើឲ្យអ្នកកាន់តែពិបាកដោះខ្លួន។ សូមផ្តោត លើការរកវិធីសងបំណុលដែលមានស្រាប់ ដោយមិនបង្កើនវាឡើយ។
៣. កំណត់គោលដៅជាក់លាក់
នៅពេលដែលអ្នកដឹងច្បាស់ពីចំនួនបំណុលហើយ សូមចាប់ផ្តើម កំណត់គោលដៅជាក់លាក់។ តើអ្នកចង់ដោះបំណុលមួយណាមុនគេ?តើអ្នកមានលទ្ធភាពសងប៉ុន្មានក្នុងមួយខែ? កុំព្យាយាមដោះទាំងអស់ក្នុងពេលតែមួយ។ សូមជ្រើសរើសបំណុលណា ដែលមានការប្រាក់ខ្ពស់ជាងគេ ឬបំណុលណាដែលធ្វើឲ្យអ្នកព្រួយបារម្ភជាងគេ រួចចាប់ផ្តើមដោះស្រាយបំណុលនោះមុនគេ។ ការធ្វើបែបនេះ នឹងផ្តល់កម្លាំងចិត្តឲ្យអ្នកបន្តដំណើរទៅមុខ។
៤. រៀបចំផែនការចំណាយ និងសន្សំ
ដើម្បីដោះបំណុល អ្នកត្រូវ រៀបចំផែនការចំណាយរបស់អ្នកឲ្យបានល្អិតល្អន់។ កាត់បន្ថយការចំណាយមិនចាំបាច់ ហើយរកវិធីសន្សំប្រាក់បន្ថែម។
៥. ពិចារណាលក់ទ្រព្យសម្បត្តិដែលមិនចាំបាច់
ខ្ញុំយល់ថាវាពិបាក ក្នុងការលក់ទ្រព្យសម្បត្តិ ដែលអ្នកបានខិតខំរក។ ប៉ុន្តែសូមគិតពិចារណាដោយប្រុងប្រយ័ត្នអំពី ការលក់ទ្រព្យសម្បត្តិខ្លះ ឬទាំងអស់ ដើម្បីយកថវិកាទៅដោះស្រាយបំណុល។
ឧទាហរណ៍ រថយន្តទំនើបដែលចំណាយច្រើន លើការថែរទាំ គ្រឿងអលង្ការ ដី ឬអចលនវត្ថុ ដែលមិនទាន់មានគម្រោងអភិវឌ្ឍន៍ដើម្បីបង្កើនចំណូល និងវត្ថុផ្សេងៗទៀត។
ការអោបទុកទ្រព្យទាំងនោះ រហូតដល់ស្ថានភាពធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នកបាត់បង់ឱកាសល្អៗ ក្នុងការដោះស្រាយបំណុលតាំងពីដំបូង ហើយធ្វើឲ្យការកើនរហូត ដល់លែងមានលទ្ធភាពសងវិញ ហើយពេលនោះទោះជាចង់លក់ទ្រព្យសង វាយឺតពេលទៅហើយ។ ជួនកាល ការលះបង់មួយចំនួននៅពេលនេះ នឹងនាំមកនូវសេរីភាព និងភាពស្ងប់ចិត្តនៅពេលអនាគត។
៦. ស្វែងរកជំនួយ និងការលើកទឹកចិត្ត
អ្នកមិនមែននៅម្នាក់ឯងទេ! សូម ស្វែងរកជំនួយពីអ្នកដែលអ្នកទុកចិត្ត ដូចជាក្រុមគ្រួសារ មិត្តភក្តិឬអ្នកជំនាញហិរញ្ញវត្ថុ។ ការនិយាយប្រាប់ពួកគេពីបញ្ហារបស់អ្នក អាចជួយឲ្យអ្នកទទួលបានដំបូន្មានល្អៗ និងការលើកទឹកចិត្ត។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំបានឮថា ការនិយាយជាមួយអ្នកដទៃ បានធ្វើឲ្យអ្នកជាប់បំណុល មានអារម្មណ៍ធូរស្រាល និងមានកម្លាំងចិត្តបន្តប្រឈមមុខ។
៧. គិតវិជ្ជមាន និងអត់ធ្មត់
ផ្លូវនៃការដោះបំណុល មិនមែនងាយស្រួលនោះទេ។ វាទាមទារនូវ ភាពអត់ធ្មត់ និងផ្នត់គំនិតវិជ្ជមាន។ នឹងមានពេលដែលអ្នកមានអារម្មណ៍អស់សង្ឃឹម ឬចង់បោះបង់ចោល។ ប៉ុន្តែសូមចាំថា រាល់ការខិតខំប្រឹងប្រែងរបស់អ្នក មិនថាច្រើនឬតិច សុទ្ធតែជាជំហានមួយឆ្ពោះទៅរកសេរីភាព។ រីករាយជាមួយជ័យជម្នះតូចៗ ដែលអ្នកសម្រេចបាន។
ឧទាហរណ៍ ការសងបំណុលបានមួយផ្នែកតូច ក៏ជាជោគជ័យមួយដែរ។
កុំបាក់ទឹកចិត្ត!
រឿងរ៉ាវដែលខ្ញុំបានឮ បានបង្ហាញថា មនុស្សជាច្រើនបានឆ្លងកាត់ការលំបាកនេះ ហើយពួកគេបានជោគជ័យ។ ពួកគេបានប្រាប់ខ្ញុំថា អ្វីដែលសំខាន់បំផុត គឺ ការតាំងចិត្តមិនបោះបង់។
ខ្ញុំជឿជាក់ថា អ្នកក៏អាចធ្វើបានដែរ! សូមចាប់ផ្តើមថ្ងៃនេះ ដោះម្តងមួយៗ ហើយអ្នកនឹងភ្ញាក់ផ្អើល ចំពោះសមត្ថភាពរបស់ខ្លួនឯង។ នៅពេលដែលអ្នកដោះបំណុលបាន អ្នកនឹងមានអារម្មណ៍ធូរស្រាល ឯករាជ្យ និងមានអំណាចលើជីវិតហិរញ្ញវត្ថុរបស់អ្នក៕