តម្លៃ​ដឹកទំនិញ​តាម​កុងតឺន័រ​ហក់​ឡើង​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​អំឡុងពេលវិបត្តិ​កូ​វីដ១៩

ដោយៈ លក្ខិណា

ភ្នំពេញៈ យោងតាម​សារព័ត៌មាន​ជប៉ុន NHK បានឱ្យដឹងថា អត្រា​តម្លៃ​ដឹកទំនិញ​តាម​កុងតឺន័រ កំពុងតែ​មានការ​កើនឡើង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​ជំងឺ​រាតត្បាត​ជះ​ផលប៉ះពាល់​លើ​ការដឹកជញ្ជូន។

សារព័ត៌មាន​មួយ​នេះ នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០បាន​បង្ហាញថា ការចំណាយ​លើ​ការដឹកជញ្ជូន​តាម​កុងតឺន័រ ដែលមាន​ប្រវែង៤០ហ្វី​ត​ពី​ប្រទេស​ចិន ទៅកាន់​អាមេរិក បាន​កើន​ឡើងដល់​តម្លៃ៣.៨៧៤ដុល្លារ កាលពីដើម​ខែធ្នូ​ឆ្នាំ២០២០នេះ។ ចំនួន​នេះ​ច្រើនជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ចំនួន២,៨ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិភាគ​នេះ បានមកពី​ក្រុមហ៊ុន Freightos ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ដែល​តាមដាន​អត្រា​ដឹកជញ្ជូន។

យោងតាម​ក្រុមហ៊ុន Freightos បានឱ្យដឹងថា ការគិតថ្លៃ​ដឹកទំនិញ​អន្តរជាតិ​បាន​កើនឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ បរិមាណ​ទំនិញ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស នៅពេល​សកម្មភាព​សេដ្ឋកិច្ច បាន​កើនឡើង​នៅ​សហរដ្ឋអាមេរិក និង​ខណៈពេលដែល​ប្រជាជន​ស្នាក់​នៅផ្ទះ បាន​បង្កើត​នូវ​តម្រូវការ​ថ្មី។

ចំណែក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កំពង់ផែ​មួយ​ក្នុង​ទីក្រុង​បាងកក ហើយ​បាន​និយាយថា លោក​នឹង​ពិចារណា​លើ​វិធានការ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុននាំចេញ​ក្នុងការ​ដឹកជញ្ជូន​ទំនិញ។

ទន្ទឹមនឹង​នេះដែរ​នៅ​ប្រទេស​ម៉ាឡេស៊ី អង្គ​ការដែល​តំណាងឱ្យ​អ្នក​នាំចេញ​ត្រូវបាន​គេ​រាយការណ៍​ថា បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​ជួយ​គាំទ្រ​លើ​បញ្ហា​នេះ​ផងដែរ។ នេះ​បើតាម ​NHK ចុះផ្សាយ​នៅ​ថ្ងៃ​កាលពី​ល្ងាច​មិញ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here