មន្ត្រីចុះសិក្សាពីនិន្នាការទីផ្សារនិងការដាក់តាំងលក់គគ្រាប់ស្វាយចន្ទីនៅប្រទេសជប៉ុន

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្នុងដំណើរការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ ពិព័រ​ណ៍ពិភពលោកអូសាកា ២០២៥ នៅប្រទេសជប៉ុន លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអញ្ជើញទស្សនកិច្ចសិក្សា នៅផ្សារទំនើបAEON Mall និងហាង 7-Eleven ដើម្បីស្វែងយល់ពី និន្នាការទីផ្សារ និងការដាក់តាំងលក់គ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងទីផ្សារប្រទេសជប៉ុន។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបានពិនិត្យទីតាំងចំនួនបីរួមមាន៖ ផ្សារទំនើបAEON Mall និងហាង7-Eleven ចំនួន២សាខាដែលក្នុងនោះមានមួយជាសាខា ដែលលក់ដាច់ខ្លាំងបំផុត នៅក្នុងទីក្រុងតូក្យូ។ ទស្សនកិច្ចនេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការវាយតម្លៃ លទ្ធភាពទីផ្សាររបស់គ្រាប់ស្វាយចន្ទីកម្ពុជា ព្រមទាំងការវិភាគអំពី ចំណូលចិត្តអតិថិជន និងការស្វែងរកឱកាសថ្មី សម្រាប់ការពង្រីកការនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសំហេង បូរ៉ាបានលើកឡើងថា ក្រុមការងារជំរុញការនាំចេញ បានកំពុងសហការជាមួយអ្នកផលិត និងអ្នកនាំចេញ ដើម្បីលើកកម្ពស់ការអនុលោម តាមស្តង់ដារអន្តរជាតិ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងជំរុញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជា ក្លាយជាផលិតផលគុណភាពខ្ពស់ និងមានសក្តានុពលលក់ក្នុងទីផ្សារសកល។

បច្ចុប្បន្នទីផ្សារជប៉ុន ជាទីផ្សារគោលដៅដ៏សំខាន់មួយ សម្រាប់កម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះដែរកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកវត្តមាននៅទីផ្សារ ដែលមានតម្លៃខ្ពស់ តាមរយៈការបង្កើន ភាពជាដៃគូពាណិជ្ជកម្ម និងការលើកកម្ពស់ផលិតផលដែលមាននិរន្តរភាព និងសមត្ថភាពប្រកួតប្រជែ​ង ដោយកម្ពុជាមានគោលបំណងជំរុញការនាំចេញ និងពង្រីកសក្តានុពលផលិតផលកម្ពុជានៅលើឆាកពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here