ផ្លូវជាតិលេខ៣៣នឹងដាក់សម្ភោធឲ្យប្រើប្រាស់នាពេលឆាប់ៗមុខ

ដោយៈ ម៉ាណា

    ភ្នំពេញៈ គម្រោងលើកកម្រិតគុណភាព គម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម)  នឹងត្រៀមដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) និងទីតាំងប្រារព្ធពិធី សម្រាប់ត្រៀមដាក់សម្ពោធផ្លូវការ នាពេលឆាប់ៗខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវថ្នល់ នៅក្រោយពេលសាងសង់បន្ទាប់ពីធ្វើការប្រគល់-ទទួលរួចរាល់ រក្សាបាននូវគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង ជាពិសេសស្វែងរកទីតាំងល្អសម្រាប់ប្រារព្ធពិធី ដែលត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលបានខិតខំបំពេញកិច្ចការងារ ថែរទាំផ្លូវមួយខ្សែនេះ ដោយយកចិត្តទុកដាក់ ធ្វើឱ្យមានភាពងាយស្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការដឹកជញ្ជូនទំនិញឆ្លងកាត់ផងដែរ។

គម្រោងនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here