អង់គ្លេស កំពុង​ចរចា​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ក្នុងទំហំ​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ

ដោយៈ សុខុម

អន្តរជាតិៈ រដ្ឋាភិបាល​អង់គ្លេស បានចាប់ផ្ដើម​ចរចា​ជាមួយ​ក្រុមហ៊ុន​អគ្គិសនី​បារាំង EDF (Électricité de France) ជុំវិញ​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​មួយ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ២០ពាន់​លាន​ផោន ដែល​ស្មើនឹង ២៦,៨ពាន់​លាន​ដុល្លារ​អាមេរិក នៅ​តំបន់​សាប់​ហ្វូ​ល (Suffolk) ប្រទេស​អង់គ្លេស។

គម្រោង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ដែលមាន​ឈ្មោះថា Sizewell C នេះ នឹង​ផលិត​អគ្គិសនី បាន​រហូតដល់​ទៅ ៣,២ជី​ហ្គា​វ៉ា​ត់ ដែល​នឹង​ផ្គត់ផ្គង់​បាន ៧%នៃ​តម្រូវការ​ថាមពល​សរុប​របស់​អង់គ្លេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ​គម្រោង​នេះ បាន​បង្ក​ភាពចម្រូងចម្រាស់ ជាមួយ​ក្រុម​អ្នកធ្វើ​យុទ្ធនាការ ដោយ​ពួកគេ​លើកឡើងថា វា “ថ្លៃ​ហួស​គួរឱ្យ​អស់សំណើច” ។

រដ្ឋាភិបាល​និយាយថា “រាល់​កិច្ចព្រមព្រៀង​ត្រូវ​ឆ្លងកាត់​ដំណើរការ​អនុម័ត ដ៏​ហ្មត់ចត់​លើ​ចំណុចសំខាន់ៗដូចជា ទំហំ​ទឹកប្រាក់ និង​លទ្ធភាព​ដែល​អាចទៅរួច” ។

រដ្ឋាភិបាល​បាន​បន្តថា ការចរចា​នឹង​ពឹង​ផ្អែកលើ​វឌ្ឍនភាព នៃ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Hinkley Point C នៅ​តំបន់​សូ​មឺ​សិត (Somerset) ប្រទេស​អង់គ្លេស ដែល​កំពុង​ស្ថិតក្រោម​ដំណើរការ​សាងសង់ ដោយ​ក្រុមហ៊ុន​អគ្គិសនី​បារាំង EDF សហការ​ជាមួយ​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​ចិន China General Nuclear Power ។

រដ្ឋាភិបាល​អង់គ្លេស តែងតែ​ប្រកាន់​ជំហរ​ច្បាស់​រហូតមក​ថា ខ្លួន​នៅតែ​ប្ដេជ្ញាចិត្ត​លើ​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរថ្មីៗ ដើម្បី​សម្រេច​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក ទៅក្នុង​បរិយាកាស​ឱ្យមក​នៅ​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ២០៥០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here