កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន៦ជាមួយ​ទុន១១២១លាន​ដុល្លារគិត​ត្រឹម​ដើមខែ​ធ្នូ​នេះ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមប្រឹក្សា​អ​ភ​វិ​ឌ្ឍ​ន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​គម្រោង​ចំនួន៦ ដែល​បាន​បោះទុន​វិ​និ​យោ ទៅដល់​ជាង១១២១លាន​ដុល្លារ គិត​ត្រឹមតែ​ដើមខែ​ធ្នូ ឆ្នាំ២០២០នេះ​តែ​ប​ណ្ណោះ។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០មេ​ហ្គា​វ៉ា​ត់ របស់​ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​វិនិយោគ​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង មាន​ទុនវិនិយោគ​ប្រមាណ១ពាន់​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៦០កន្លែង។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន៥ ដែល​បាន​បោះទុន​វិនិយោគ ១២១.៩លាន​ដុល្លារ។

គម្រោង​របស់​ក្រុមហ៊ុន​ទាំង៥ ខាងលើ មាន​ដូច​ក្រោម៖

១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ពី​ក្រណាត់ សម្រាប់​សត្វ​ចិញ្ចឹម (ឆ្កែ និង​ឆ្មា) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥៨កន្លែង។

២- “BLISSFULL CAPITAL CO., LTD” គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ដី​ឡូ​តិ៍៥៣២ ផ្លូវជាតិ​លេខ២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៩,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២០០កន្លែង។

៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (Preform, Cap, Bottle) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តាន​ប់២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ១១,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥២កន្លែង។

៤- “RUIZEXING CHEMICAL TECHNOLOGY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ២០,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៧៤កន្លែង។

៥- “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន៧៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៥០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here