ក្រុមហ៊ុន​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ​ចំនួន​បី​សហការគ្នា​ដើម្បី​លើក​កំពស់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ អន្តរជាតិ​ចំនួន​បី​បាន​សហការគ្នា ត​តាមរយៈ​ការចុះ​អនុស្សរណៈ​រួមគ្នា (MOU) ដើម្បី​ជំរុញ​ការលក់ និង​ផ្សព្វផ្សាយ​ពី​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​ថែមទៀត។

ក្រុមហ៊ុន​ទាំងបី​នោះ​រួមមាន ក្រុមហ៊ុន CSA Real Estate Group ក្រុមហ៊ុន CBRE Cambodia និង​ក្រុមហ៊ុន APi (ATSOLUTIONS) ដែល​សុ​ទ្ឋ​តែ​ជា​ក្រុមហ៊ុន​មានឈ្មោះ​ល្បី និង​មាន​ភ្នាក់ងារ​ច្រើន​ក្នុង​ទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Alan Neo  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia Singapore Alliance (CSA) បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះ MOU កាលពី​ចុង​សប្តាហ៍​មុន​ថា ក្នុងនាម​ជា​តំណាង​ក្រុមហ៊ុន CSA ពិតជា​មាន​ភាព​រីករាយ​ក្នុង​កិច្ចសហការ ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​យ៉ាង​ស៊ីជម្រៅ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ទាំង២ ដែល​សុទ្ធតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​មានបទពិសោធន៍​យូរ​ឆ្នាំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ជាស​កល។

លោក​បន្តថា ហេតុផល​ដែល​ក្រុមហ៊ុន CSA សម្រេចចិត្ត​សហការ​ជា​ដៃគូ​លក់​អចលនវត្ថុ​ស៊ីជម្រៅ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CBRE Cambodia និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ APi (ATSOLUTIONS) ក៏​ព្រោះតែ​ក្រុមហ៊ុន​ទាំង២ សុទ្ធតែជា​ក្រុមហ៊ុន​ជំនាញ​ដ៏​ល្បី​ល្បីឈ្មោះ​លំដាប់​អន្តរជាតិ និង​មានបទពិសោធន៍​ក្នុង​ការលក់​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ច្រើនជាង១០ឆ្នាំ និង​ទទួលបាន​លទ្ធផល​ជោគជ័យ​ខ្ពស់។

លោក​បន្តថា “តាមរយៈ​កិច្ច​ចុះ​អនុស្សារណៈ​យោគយល់​នៅពេលនេះ ខ្ញុំ​ជឿជាក់ថា​ពិតជា​អាចធ្វើឱ្យ​ទីផ្សារ​លក់ ជាពិសេស​ផ្នែក​ខុន​ដូ​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ​ខ្ពស់ តាមរយៈ​ការបំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក” ។

លោក​បាន​បញ្ជាក់ថា អ្វីដែល​សំខាន់​នៅក្នុង​កិច្ចសហការ ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ APi នៅពេលនេះ គឺ​នៅមាន​ការបំពេញបន្ថែម នូវ​ការចែករំលែក​បទពិសោធ​ន៍ និង​ជំនាញ​ទៅវិញទៅមក តាមរយៈ​ការបណ្តុះបណ្តាល​នូវ​ចំណេះដឹង យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការលក់​នៅលើ​ទីផ្សារ ដែលមាន​ភាព​ប្រកួតប្រជែង​ផងដែរ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី​អាន សុធី​តា​បាន​មានប្រសាសន៍ថា នៅពេល​ទីផ្សារ​អចលនទ្រព្យ​មាន​ការវិវត្ត និង​រីកចម្រើន ប្រទេស​កម្ពុជា​ត្រូវការ​ភ្នាក់ងារ​អចលនទ្រព្យ ដែលមាន​ជំនាញ ក៏ដូចជា ឈ្មួញកណ្តាល​អចលនទ្រព្យ​ដែលមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ខ្ពស់​ដើម្បី​បម្រើ​នៅក្នុង​ទីផ្សារ​ជួរមុខ។

លោកស្រី​បាន​បញ្ជាក់ថា “តាមរយៈ​កិច្ចសហកា​ជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​ក្រុមហ៊ុន CSA និង​ក្រុមហ៊ុន CBRE Cambodia ជឿជាក់ថា​នឹង​នាំមក​នូវ​ជោគជ័យ​ខ្ពស់ សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅពេល​បច្ចុប្បន្ន និង​បន្តទៅ​ថ្ងៃ​អនាគត” ។ លោកស្រី​បន្តថា “ការធ្វើជា​ដៃគូ​នេះ​បានបង្ហាញ​ឱ្យឃើញថា ខ្លួន​ជា​ឧបករណ៍​អាជីវកម្ម ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ក្នុងការ​ដោះស្រាយ និង​រាប់​រង​ទីផ្សារ​ជាមួយ​អតិថិជន ដែលមាន​ការ​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ខណៈពេលដែល​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់” ។

ជាមួយគ្នានេះ លោក​ឆ​ម ចំរើន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ APi (ATSOLUTIONS) បាន​មានប្រសាសន៍ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ការលក់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ កំពុង​ក្លាយជា​ជ​ម្រើ​ដ៏​ប្រសើរ និង​ឈានមុខ​នៅពេល​បច្ចុប្បន្ននេះ ដែល​អាច​នាំមក​នូវ​ភាពជោគជ័យ​ខ្ពស់ នៅក្នុង​ទីផ្សារ​ដែល​កំពុង​តែមាន​ការប្រកួតប្រជែង​ខ្លាំង។

លោក​បន្តថា “APi ដែលមាន​សម្ព័ន្ធ​ជាង១០ក្រុមហ៊ុន​ភ្នាក់ងារ​ដទៃទៀត បាន​ត្រៀមខ្លួន​រួចជាស្រេច ជាមួយនឹង​បទពិសោធន៍​ជោគជ័យ​ជាច្រើន​ឆ្នាំ នៅក្នុង​ទីផ្សារ​ដែល​កំពុង​តែមាន​សក្ដានុពល​មួយ​នេះ ដើម្បី​សហការ​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ជាមួយ​ក្រុមហ៊ុន​CSA” ។ លោក​បន្តថា “យើង​នឹង​ជួយ​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ធ្វើ​យ៉ាង​អាច​ជំរុញ​ការលក់​ឱ្យ​ទទួលបាន​ភាពជោគជ័យ​ខ្ពស់ ក៏ដូចជា​ជួយ​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​នេះ​បន្ថែមទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here