ដោយៈ គង់ សូរិយា
កំពតៈ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានបើកដំណើរការបណ្តោះអាសន្នរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិ ផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ក្រសួងបញ្ជាក់ទៀតថា តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា៕