ដោយៈ ម៉ាណា
ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ក.អ.ក. បានដឹកនាំ “កិច្ចប្រជុំរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្ត ជំរុញវិនិយោគរយៈពេល៣ឆ្នាំ”។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រីKanu Negi លេខាទី១ នៃស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា និងសហការី តំណាងកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ឋ។
កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីភារកិច្ចស្នូល បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានចំណុះ គ.វ.ក. និងនាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋាននៃ ក.អ.ក.។
ជាសាវតារ យុទ្ធសាស្ត្រនេះ នឹងដាក់ចេញសកម្មភាពជាក់លាក់ដែលអាចអនុវត្តបានជាក់ស្ដែង ដោយផ្តោតជាចម្បងលើការកំណត់វិស័យអាទិភាព ការគាំទ្រនិងកិច្ចសម្រួលដល់វិនិយោគិន ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ ក្នុងវិស័យអាទិភាពដែលបានកំណត់ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាពពីនិន្នាការ ដែលបាននិងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល។
លោកនុត អ៊ុនវ័ណរ៉ា បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាង CAPRED និង ក.អ.ក. កន្លងមក ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងកិច្ចសហការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគនេះ លោកជឿជាក់ថាយុទ្ធសាស្រ្តនេះ នឹងជួយតម្រង់ទិសក្នុងការទាក់ទាញវិនិយោគ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា។
លោកក៏បានគូសបព្ជាក់ពីសារៈសំខាន់ នៃការសហការគ្នាយ៉ាងជិតស្និទ្ធរវាង ក.អ.ក. និងCAPRED ក្នុងការជំរុញការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ។
ជាមួយគ្នានេះ លោកស្រី Kanu Negi លេខាទី១ បានសម្តែងនូវសេចក្តីសោមនស្ស និងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និង ក.អ.ក. ក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគរយៈពេល ៣ឆ្នាំនេះ។
លោកស្រី ក៏បានលើកឡើងពីកិច្ចសហការជាមួយ ក.អ.ក. តាមរយៈ CAPRED កន្លងមកក្នុងការធ្វើឱ្យប្រសើរឡើងនូវសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី មានសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តជំរុញវិនិយោគរយៈពេល៣ឆ្នាំ នឹងគាំទ្រដល់ការទាក់ទាញវិនិយោគ ពោលនាំកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព៕