ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងរៀបចំកិច្ចប្រជុំ វិភាគមុខងារស្មារតីពូនជ្រំរដ្ឋ
បាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ។
កិច្ចប្រជុំនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងពិនិត្យការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួង ដោយកំណត់គោលដៅការងារ ជំរុញកិច្ចការគ្រប់គ្រងស្ថាប័ន និងឱ្យមានការឯកភាពរួមគ្នាលើដំណើរការទៅមុខ ដើម្បីឱ្យសមស្រប ទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល គោលនយោបាយអាទិភាពទាំង៣ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខងារសាធារណៈ ដែលរួមមាន ការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តមន្ត្រី និងគោលនយោបាយថ្មីៗរបស់ក្រសួង ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាទៅពេលអនាគត។
នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងណែនាំ លើការងារកំណែទម្រង់មុខងារសាធារណៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិភាក្សាផ្តោតលើ ទី១ ការពិនិត្យមុខងារដែលក្រសួងត្រូវធ្វើ ទី២ ការពិនិត្យមើលបរិមាណមន្ត្រី និងប្រភេទមន្ត្រីដែលក្រសួងត្រូវការចាំបាច់
ទី៣ ការពិនិត្យលើការងារ ដែលមានទំនាក់ទំនងរវាងវិស័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយវិស័យផ្សេងទៀត ដើម្បីមានការឯកភាពគ្នាលើការបែងចែក និងអនុវត្ថការងារបន្ត។
ទី៤ ស្តាប់នូវសំណូមពរមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីក្រសួងមានលទ្ធភាព បើកវគ្គបណ្តះបណ្តាលជូន ដែលធ្វើឱ្យពួកគាត់អាចបំពេញមុខងារដែលក្រសួងប្រគល់ឱ្យ មានប្រសិទ្ធភាព៕