ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបស់ ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានទទួលកិត្តិយសដ៏ឧត្តុង្គឧត្តម អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសនេះ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃស្ថាប័នទាំងបី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការពិនិត្យ ការតាមដាន និងការវាយតម្លៃលទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ព្រមទាំងការលើកទិសដៅការងារឆ្នាំបន្ទាប់ គឺជាកិច្ចការចាំបាច់បំផុតរបស់ក្រសួង-ស្ថាប័ននីមួយៗ ត្រូវអនុវត្តដើម្បីចូលរួមអនុវត្តក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវសេចក្ដីរាយការណ៍យ៉ាងពិស្ដាររបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប តាំងនាមឱ្យ សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងក្នុងនាមរូបឯកឧត្តមផ្ទាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលក្រសួង-ស្ថាប័នទាំងបី សម្រេចបាននាពេលកន្លងមក ដើម្បីជំរុញកម្ពុជាឆ្ពោះទៅជាប្រទេសមួយ ដែលធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ធនធានទឹក ជាចំណុចស្នូលនៃវិស័យកសិកម្ម ឧស្សាហកម្ម និងទឹកស្អាត ដែលនៅតែជាវិស័យចម្បងសម្រាប់ប្រទេសកម្ពុជា ក្នុងការរក្សាស្ថិរភាពតម្លៃស្បៀង ធានាសន្តិសុខស្បៀង និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។ កម្ពុជាចាត់ទុកទឹកជា “មាស ស” ដែលជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។ រាជរដ្ឋាភិបាលកម្ពុជា តែងតែទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ក្នុងការឈានទៅសម្រេចនូវគោលដៅ “ទឹកដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម ដែលបានខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងជួយរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងថ្នាក់ជាតិដ៏មានសារៈសំខាន់ ពោរពេញដោយអត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា។

ជាមួយនឹងសមិទ្ធផលដែលសម្រេចបាន និងទិសដៅការងារដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃស្ថាប័នទាំងបី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបានជាមូលដ្ឋានក្នុងការផ្ដោតការយកចិត្តទុកដាក់លើការអនុវត្តការងារជាក់ស្ដែង។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ឈរលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក មេរៀន បទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ព្រមទាំងការចូលរួម និងកិច្ចសហការពីអ្នកពាក់ព័ន្ធ យើងនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅធានាឱ្យបាននូវប្រភពទឹកស្អាតគ្រប់គ្រាន់សម្រាប់ផលិតកម្មគ្រប់វិស័យ ក៏ដូចជា ការចូលរួមទប់ស្កាត់ និងការកាត់បន្ថយនូវគ្រោះមហន្តរាយធម្មជាតិនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនកាន់តែឆាប់រហ័សថែមទៀត។

មុនប្រកាសបិទអង្គសន្និបាតជាផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លានេះជូនជាតិ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការដ៏ល្អ ជាកម្លាំងរួមដ៏រឹងមាំ ដើម្បីសម្រេចបាននូវការការពារធនធានទឹក និងការអភិវឌ្ឍធនធានទឹកប្រកបដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់។

ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសអញ្ជើញបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានស្នាដៃក្នុងឆ្នាំកន្លងមក សរុបចំនួន ២២រូប ក្នុងនោះមានរួមមាន៖ គ្រឿងឥស្សរិយយសការងារព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ១២រូប គ្រឿងឥស្សរិយយសការងារព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ ៥រូប និង គ្រឿងឥស្សរិយយសការងារព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា ៥រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here