រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ហួត លីដា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមវេទិកាស្តីពីវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម (Transport and Logistics Forum 2025) ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។
ក្នុងវេទិកានេះដែរ ក៏មានបទបង្ហាញរបស់ក្រសួងអំពី «លទ្ធផលនៃការស្ទង់មតិលើថ្លៃចំណាយ ពេលវេលាភស្ដុភារកម្មឆ្នាំ២០២៣» ដើម្បីចែករំលែកនូវព័ត៌មានទិន្នន័យដែលបានផ្ដល់ដោយក្រុមហ៊ុនប្រតិបត្តិករភស្ដុភារកម្ម ទាំងក្រុមហ៊ុនផ្ដល់សេវា និងប្រើប្រាស់សេវាភស្ដុភារកម្ម។ ទិន្នន័យទាំងនោះ ផ្ដោតសំខាន់ទៅលើអាជីវកម្មរបស់ក្រុមហ៊ុន គោលដៅពាណិជ្ជកម្ម មធ្យោបាយដឹកជញ្ជូនទំនិញ ថ្លៃចំណាយលើការដឹកជញ្ជូន ពេលវេលាដឹកជញ្ជូន និងភាពជឿទុកចិត្តនៃសេវាភស្ដុភារកម្ម ព្រមទាំងបញ្ហាប្រឈមនានាដែលកើតមានក្នុងដំណើរការនៃការផ្ដល់សេវា និងការប្រើប្រាស់ភស្ដុភារកម្មក្នុងប្រទេសកម្ពុជាផងដែរ។
បន្ថែមពីនេះ បទអន្តរាគមន៍ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «មហិច្ឆតានៃវិស័យភស្ដុភារកម្មរបស់កម្ពុជា» ដោយបានលើកឡើងពីតួនាទីរបស់រាជរដ្ឋាភិបាលតាមរយៈគោលនយោបាយ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ និងយន្ដការសំខាន់ៗរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នូវការងារសំខាន់មួយចំនួន រួមមាន៖ (១) ការអភិវឌ្ឍ និងការជំរុញការដឹកជញ្ជូនតាមផ្លូវដែកនិង (២) ការបន្តអភិវឌ្ឍមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ខេត្តព្រះសីហនុ និងគម្រោងមណ្ឌលភស្ដុភារកម្មក្រុងបាវិត និងក្រុងប៉ោយប៉ែត៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube