ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ បើគិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១៩ភាគរយហើយ។
ស្ពាននេះ បានបើកបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
បច្ចុប្បន្នការងារសម្រេចបាន៖ ១). ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន១៥៦ដើម ចាក់បេតុងរួចចំនួន៦៩ដើម។ ចំណែកជើងតាងចំនួន២០ សម្រេចបានចំនួន៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន៨ធ្នឹម។
២) រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន៥២សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
នៅដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុនសាងសង់ កំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។ រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់៤២ខែ ដោយមិនមានការយឺតយ៉ាវជាងគម្រោងការងារដែលគ្រោងទុក៕