បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី​គ្រោង​ទិញថាមពលពីសហរដ្ឋអាមេរិកដើម្បីចរចាពន្ធគយជាមួយលោក ដូ ណាល់ត្រាំ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី​គ្រោង​នាំចូលថាមពលឥន្ធនៈ​ហ្វូស៊ីល​បន្ថែម​ទៀតពីសហរដ្ឋអាមេរិក​ ដើម្បី​ធ្វើ​ឱ្យប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំមានការសប្បាយចិត្ត។

ជាក់ស្ដែង ក្រុមមន្ត្រីបង្កើតគោលនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ ប្រទេសវៀតណាម រួមទាំងសហភាពអឺរ៉ុប បានពិចារណាលើការទិញថាមពលពីសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងឆៅ និងនាំចេញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក។

លោក Saul Kavonic អ្នកវិភាគថាមពលនៅក្រុមហ៊ុន MST Marquee បានលើកឡើងថា “ដៃគូពាណិជ្ជកម្មនានាក្នុងតំបន់អាសុីយល់ឃើញថា ការទិញថាមពលរបស់សហរដ្ឋអាមេរិក ជាមធ្យោបាយមួយក្នុងការចរចារពន្ធជាមួយរដ្ឋបាលលោក ត្រាំ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកវិភាគរូបនេះបានគូសបញ្ជាក់បន្ថែមថា បណ្តាប្រទេសនានានាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកការធានាការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិក ចាប់តាំងពីលោក ដូ ណាល់ត្រាំឈ្នះការបោះឆ្នោត។

ការណ៍នេះនឹងអនុញ្ញាតឱ្យរដ្ឋបាលថ្មីរបស់លោក ដូ ណាល់ត្រាំ អាចពង្រីកការនាំចេញឧស្ម័នធម្មជាតិ (LNG) របស់សហរដ្ឋអាមេរិកលើសពីផែនការគ្រោងទុកចំនួន២ដងនៅឆ្នាំ២០៣០ និងនាំឱ្យទីក្រុងវ៉ាសុីនតោនមានប្រៀបខ្លាំងជាងបណ្តាដៃគូប្រជែង។

ជាក់ស្ដែង ប្រធានាធិបតីអាមេរិកទី៤៧រូបនេះបានដាក់ចេញនូវសេចក្ដីប្រកាសអាសន្នថាមពលថ្នាក់ជាតិ ដើម្បីបង្កើនផលិតកម្មប្រេង និងឧស្ម័ន តាមរយៈការខួងអណ្តូងប្រេង និងឧស្ម័ននានានៅក្នុងទឹកដីសហរដ្ឋអាមេរិក។

លោក Kazuhiro Ikebe ប្រធានក្រុមហ៊ុនផលិតថាមពលអគ្គិសនីជប៉ុន Kyushu Electric Power Co. បានលើកឡើងថា “ការផលិតឧស្ម័នធម្មជាតិ (LNG) កាន់តែច្រើនពីសំណាក់សហរដ្ឋអាមេរិកជាព័ត៌មានល្អសម្រាប់ឧស្សាហកម្មអគ្គិសនី ដោយសារតែវាអាចរក្សាបាននូវស្ថិរភាពតម្លៃ”។

បណ្តាប្រទេសនានា រួមទាំងប្រទេសជប៉ុន និងប្រទេសថៃបានពិភាក្សាជាថ្មីជាមួយបណ្តាក្រុមហ៊ុននាំចេញឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នេះបើយោងតាមក្រុមពាណិជ្ជករ ដែលបានចូលរួមក្នុងកិច្ចចរចា។

ប្រភពដដែលបានទម្លាយឱ្យដឹងបន្ថែមថា ប្រទេសជប៉ុន និងថៃគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពលជាមួយសហរដ្ឋអាមេរិក ប្រសិនបើពួកគេចរចាតម្លៃត្រូវគ្នា៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here