ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យនៅក្នុងទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុីកំពុងឈានដល់ចំណុចរបត់ ខណៈការព្យាយាមសម្របខ្លួន និងការច្នៃប្រឌិតបានក្លាយជាគន្លឹះនៅក្នុងការកំណត់ភាពជោគជ័យនៃទីផ្សារ។
តួយ៉ាង អគារ“Merdeka 118”ដែលជាអគារខ្ពស់ជាងគេបំផុតទី២របស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa នៅទីក្រុងឌូបៃ កំពុងកំណត់ស្តង់ដារថ្មីនៃទីផ្សារការិយាល័យនៅក្នុងទីក្រុងគូឡាឡាំពួររបស់ម៉ាឡេសុី។
អគារ“Merdeka 118”មានផ្ទៃក្រឡាទីតាំងការិយាល័យសរុប (Net lettable area) ប្រមាណ១,៧លានហ្វីតការ៉េ(ប្រហែល១៥៧.៩៣៥ម៉ែត្រការ៉េ) និងសម្រេចបានអត្រានៃការកក់ទុកទំហំការិយាល័យចំនួន៧០ភាគរយនៃទំហំផ្ទៃក្រឡាការិយាល័យសរុបទាំងអស់ក្នុងអគារ។
ស្រដៀងគ្នានេះ អគារការិយាល័យខ្ពស់កប់ពពក Exchange 106 ជាហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោកនៅក្នុងទីក្រុងគូឡាឡាំពួរ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ម៉ាឡេសុី។
ការជួលការិយាល័យនៅអគារទាំង២នេះមានតម្លៃខ្ពស់ជាងគេបំផុតនៅទីក្រុងគូឡាឡាំពួរ ខណៈបណ្តាក្រុមហ៊ុនភាគច្រើនកំពុងងាកទៅជួលការិយាល័យនៅអគារថ្មីៗ និងអគារស្តង់ដារបៃតង ដែលផ្តល់នូវនិរន្តរភាព និងបរិយាកាសការងារល្អប្រសើរ។
ជាក់ស្ដែង ការជួលការិយាល័យនៅអគារ Merdeka 118 មានតម្លៃចន្លោះពី២៥,៥ដុល្លារទៅ៣០,៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ធនាគារ Malayan Banking Bhd បានប្រកាសពីផែនការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនពីអគារ Menara Maybank ទៅជួលការិយាល័យទំហំ៦០.៣៨៧ម៉ែត្រការ៉េនៅក្នុងអគារ Merdeka 118។
ដោយឡែក ការជួលការិយាល័យនៅអគារ Exchange 106 កម្ពស់៤៤៥,៥ម៉ែត្រ មានតម្លៃចន្លោះពី២៤,៣៣ដុល្លារទៅ៣៦,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បច្ចុប្បន្ន អគារនេះទទួលបានអត្រានៃការជួល(Occupancy Rate)ចំនួន៥២ភាគរយ និងរំពឹងថា នឹងកើនឡើងដល់ចំនួន៧០ភាគរយនៅដំណាច់ចុងឆ្នាំ២០២៥។
បណ្តាក្រុមហ៊ុនអន្តរជាតិល្បីៗដែលបានជួលការិយាល័យនៅអគារ Exchange 106 រួមមានដូចជាក្រុមហ៊ុន Ant International ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Alibaba ក្រុមហ៊ុនទូរសព្ទ Huawei ក្រុមហ៊ុនសេវាកម្មបច្ចេកវិទ្យាព័ត៌មាន Accenture និងក្រុមហ៊ុនកក់សណ្ឋាគារ Agoda៕ប្រភព: The Edge Malaysia៕