ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហើបឱ្យដឹងថា នៅខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងចក្រផលិតរថយន្ដម៉ាក BYD នឹងចាប់ផ្តើមដំណើរការផលិតរថយន្តនៅកម្ពុជា ដែលសមត្ថភាពផលិតរថយន្ដចំនួន១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដថា ចំពោះការដំឡើងផលិតរថយន្ដ ក្រុមហ៊ុន BYD នឹងអាចដំឡើងរថយន្ដចន្លោះពី១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយផលិតចំនួន២ប្រភេទរថយន្ដ រួមមានរថយន្ដ BYD ដើរដោយថាមពលអគ្គិសនីសុទ្ធសាធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងថាមពលអគ្គិសនី។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា “ក្នុងដំណាក់កាលដំបូង រោងចក្រផលិតរថយន្ដរបស់ក្រុមហ៊ុនចិន BYD នឹងធ្វើការចែកចាយនៅលើទីផ្សារកម្ពុជាជាមុនសិន ដោយសារតែរថយន្ត EV ត្រូវបានផលិតនៅក្នុងប្រទេសនីមួយៗតែម្ដង”។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងដំណាក់កាលដំបូង រោងចក្រនេះជារោងចក្របង្គុំ ដែលនាំចូលគ្រឿងបង្គុំមកពីក្រៅប្រទេស ដើម្បីផលិតជារថយន្ត។ ប៉ុន្តែ រោងចក្រនេះនឹងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជារោងចក្រផលិតគ្រឿងបង្គុំផលិតដោយខ្លួនឯងនាពេលអនាគត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា “យើងគិតថា នៅពេលដែលរោងចក្រអាចផលិតរថយន្ដ EV បាន នោះយើងក៏អាចផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គុំដើម្បីលក់ចេញទៅកាន់បណ្តាប្រទេសផ្សេងទៀតដែរ”។
មន្ដ្រីជាន់ខ្ពស់រូបនេះបានអះអាងឱ្យដឹងបន្ដថា មូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសដាក់មូលដ្ឋានផលិតកម្មក្នុងខេត្តព្រះសីហនុ ដោយសារវាផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនខ្នាតយក្សមួយនេះក្នុងការនាំចូលគ្រឿងបន្លាស់ និងគ្រឿងបង្គុំតាមរយៈកំពង់ផែក្រុងព្រះសីហនុ។
គម្រោងនៃការបង្កើតរោងចក្រផលិតរថយន្តម៉ាក BYD នៅកម្ពុជាត្រូវបានបង្ហើបកាលពីដំណាច់ចុងឆ្នាំ២០២៤។ ដូច្នេះ ការឈានជើងចូលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ដ៏ល្បីល្បាញរបស់ប្រទេសចិន ជាជោគជ័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដើរទាក់ម៉ូយឱ្យចូលមកបោះទុនវិនិយោគនៅកម្ពុជា៕