ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានអញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសចំនួន៩ ក្នុងសហភាពអឺរ៉ុប(EU) ដែលមានស្ថានកុងស៊ុលកិត្តិយស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបកាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបទៅកាន់គណៈប្រតិភូ អំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបទពិសោធន៍ ក្នុងការរៀបចំបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អក.) កាលពីឆ្នាំ១៩៩៤ និងការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងស្ថាប័ន បន្ទាប់ពីរូបលោកចូលមកកាត់តំណែងជា អនុប្រធានទី១ ក.អ.ក. ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ទន្ទឹមនឹងនេះ លោកស៊ុន ចាន់ថុល បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត ក្នុងប្រវត្តិនៃប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន គម្រោងវិនិយោគដែលបានអនុម័ត ក្នុងឆ្នាំ២០២៤ សរុបចំនួន៤១៤គម្រោង និងគម្រោងវិនិយោគដែលបានអនុម័តក្នុងខែមករា ដើមឆ្នាំ២០២៥ សរុបចំនួន៦៨គម្រោង ផងដែរ។
តួលេខនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃ ច្បាប់ស្តីពីការវិនិយោគ ក៏ដូចជា គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែរទាំ គាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកក៏បានជម្រាបបន្ថែមដែរថា នៅរៀងរាល់៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សា លើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបលោកផ្ទាល់ ជាសហប្រធាន រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ លោកឧបនាយរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធមិនឈប់ឈរ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ដែលសុទ្ធសឹងជាកត្តាសំខាន់ៗ ក្នុងការជម្រុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ផ្នែកឯកជន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកឡើងអំពីការធ្វើឌីជីថលូបនីយកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាដែលក.អ.ក. បាននិងកំពុងអនុវត្តន៍ ក្នុងការលើកកម្ពស់សេវាសាធារណៈ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់យកបច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥។
ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក.អ.ក.បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដើម្បីពន្លឿននីតិវិធីផ្តល់សេវា ដែលអនុញ្ញាតឱ្យវិនិយោគិន អាចធ្វើការដាក់ពាក្យស្នើសុំវិនិយោគ បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ក្នុងនោះដែរ ក.អ.ក. ក៏បានរៀបចំផែនការក្នុងការធ្វើឌីជីថលូបនីយកម្មជាបន្តបន្ទាប់ សំដៅបង្កើនភាពងាយស្រួល និងទំនុកចិត្តជូនដល់វិនិយោគិនបន្ថែមទៀត។
បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស ដែលមានវត្តមាននាឱកាសនេះ បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំង លើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធ នឹងការងារវិនិយោគពីបរទេស នៅក្នុងប្រទេសកម្ពុជា និងបានលើកឡើង អំពីភាពជោគជ័យរបស់វិនិយោគិន ពីប្រទេសរបស់ខ្លួន ដែលបានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។
ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា គណៈប្រតិភូបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕