នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ KSH App ត្រូវបានសម្ពោធជាផ្លូវការដោយ លោក ឃីម សុខហេង ជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSi) ដើម្បីជួយដោះស្រាយបញ្ហាដែលជួបប្រទះដូចជាសុមភមង្គលគ្រួសារ ការងារ និងការអភិវឌ្ឍខ្លួន ក្នុងការជួយឱ្យមនុស្សមានសុភាពផ្លូវចិត្តរឹងមាំ អាចរកដំណោះស្រាយបានជុំវិញបញ្ហាដែលខ្លួនជួបប្រទះ។
នៅក្នុងពិធីសម្ពោធ KSH App លោក ឃីម សុខហេង បានប្រាប់មកកាន់ កម្ពុជាថ្មី ថា KSH App គឺជា App ដែលផ្តល់នូវវីដេអូអប់រំដែលផ្តោតលើបទពិសោធជាក់ស្តែង ទាក់ទងនឹងសុភមង្គលគ្រួសារ គន្លឹះក្នុងការដោះស្រាយវិបត្តិក្នុងគ្រួសារ ទាំងបញ្ហារវាងប្តីប្រពន្ធ ការមិនចុះសម្រុងគ្នា រួមជាមួយនឹងការចិញ្ចឹមអប់រំកូនជាដើម។ បន្ថែមពីនេះ App នេះក៏ជា App ជួយដល់បុគ្គលិកការងារអាចពង្រឹងសមត្ថភាពខ្លួន និងអភិវឌ្ឍការងារកាន់តែល្អប្រសើរតាមរយៈវីដេអូអប់រំនៅក្នុងនោះ។ មូលហេតុដែលលោកបង្កើត App នេះឡើង ព្រោះលោកបានមើលឃើញពីតម្រូវការចង់ចេះ ចង់ដឹងពីផ្នត់គំនិតនៃការដោះស្រាយលើបញ្ហាប្រឈមនានាក្នុងជីវិត។
លោក ឃីម សុខហេង និយាយថា ៖ “អ្វីនៅក្នុង App នេះ បើប្រៀបធៀបពីជំងឺ វាគឺជាថ្នាំ។ វាជាមធ្យោបាយណែនាំ ប្រៀបដូចជាថ្នាំទៅព្យាបាលជំងឺដែលអ្នកកំពុងទស្សនាអាចជួប ពីព្រោះអ្វីៗនៅក្នុងអេបនេះ មិនផ្អែកទៅលើទ្រឹស្តីនិយមទេ គឺជាក់ស្តែងនិយម ដោយសារអី? ដោយសារតែរឿងរ៉ាវជាច្រើនបានឆ្លងកាត់រួចហើយ ដោះស្រាយរួចហើយ ហើយបានចងក្រងយកធ្វើជាមេរៀន។ អញ្ចឹងមិនមែនទ្រឹស្តីហើយអត់មានការជាក់ស្តែងទេ ជាក់ស្តែងហើយបានចងក្រងធ្វើជាមេរៀន” ។
លោក ឃីម សុខហេង បានឱ្យដឹងទៀតថា App លោកបានធ្វើ២ដង ដោយមានរយៈពេល៤ឆ្នាំ ដោយមានកិច្ចសហការពីក្រុមអ្នកជំនាញខ្មែរ។ ចំពោះ KSH App នេះគឺជាកំណែទម្រង់ថ្មីចុងក្រោយ កាន់តែមានបច្ចេកវិទ្យាទំនើប និងថ្មី ងាយស្រួលដល់អ្នកប្រើប្រាស់ខ្លាំងណាស់ ដោយមានបែងចែកជាផ្នែកៗដូចជាផ្នែកសុភមង្គលគ្រួសារ ផលិតភាពការងារ និងការអភិវឌ្ឍខ្លួន ហើយក៏នឹងមានការអភិវឌ្ឍនជាបន្តបន្ទាប់ទៀតដែរ។ ចំពោះវីដេអូនៅក្នុង App នេះ លោកថា មានសរុបទាំងអស់ជាង ៣០០០វីដេអូ ដោយបច្ចុប្បន្នមានវីដេអូចំនួនជាង ៥០០វីដេអូ ត្រូវបានដាក់បញ្ចូលនៅក្នុងអេប ហើយក៏មានវីដេអូមួយចំនួនកំពុងតែកែសម្រួលឡើងវិញដែរ។
លោករំពឹងថា App នេះនឹងជួយសម្រួលដល់សុខភាពផ្លូវចិត្តបានច្រើន ព្រោះលោកសង្កេតឃើញបច្ចុប្បន្ន មនុស្សជួបបញ្ហាផ្លូវចិត្តច្រើន ទាំងវិបត្តិសេដ្ឋកិច្ច បញ្ហាគ្រួសារ ប្តីប្រពន្ធ ការងារ ជាដើមដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវិតទៀត ព្រោះមិនអាចរកដំណោះស្រាយសម្រាប់ខ្លួនឯងបាន។ ហេតុនេះ លោកសំណូមពរឱ្យសាធារណជនប្រើប្រាស់ App នេះឱ្យបានច្រើន ដើម្បីបង្ការកុំឱ្យបញ្ហាផ្លូវចិត្តកាន់តែធ្ងន់ធ្ងរទៅៗ និងអាចរកដំណោះស្រាយបានទាន់ពេលវេលា ពោល គឺការពារប្រសើរជាងព្យាបាល។
ចំណែក លោក លី ខេមរា ដែលជា CEO នៃក្រុមហ៊ុន Phnom Penh Digital Service និងជាដៃគូសហការក្នុងការបង្កើត KSH App ផងដែរនោះ យល់ថា KSH App ជា App មួយដែលល្អ និងជួយជំរុញដល់ការអប់រំក្រៅប្រព័ន្ធ និងអប់រំសុជីវធម៌ រួមជាមួយដំណោះស្រាយបញ្ហានានាដែលជួបប្រទះក្នុងរង្វង់គ្រួសារ សង្គមជាដើម ហើយតាមរយៈ Appនេះ ក៏ជួយឱ្យទំនាក់ទំនងគ្រួសារ សមត្ថភាពការងារ កាន់តែល្អថែមទៀត។ ដោយមើលឃើញពីចំណុចទាំងអស់នេះ និងចង់គាំទ្រដល់ការអប់រំផងនោះ រូបលោកក៏សម្រេចចិត្តសហការជាមួយលោក ឃីម សុខហេង ដើម្បីឱ្យ KSH App លេចចេញជារូបរាងមក។
លោក លី ខេមរា លើកឡើងថា៖ “App នេះពិតជាល្អមែនទែនជួយសង្គមបានច្រើន នៅក្នុងផ្នែកទំនាក់ទំនងដោះស្រាយបញ្ហា ហើយក៏ដូចជាជួយទៅដល់ការប្រឹក្សាយោបល់ចំៗបញ្ហា ហ្នឹងសម្រាប់អ្វីដែលខ្ញុំមើលឃើញ” ។ លោកក៏សំណូមពរឱ្យសាធារណជន ចូលទៅកាន់ KSH App ដើម្បីទទួលបានប្រយោជន៍ជាច្រើន ទាំងការអប់រំ និងប្រយោជន៍ផ្សេងទៀតសម្រាប់អភិវឌ្ឍន៍សមត្ថភាពខ្លួន។
សូមជម្រាបថា KSH App មានគុណប្រយោជន៍ច្រើនណាស់ដល់អ្នកប្រើប្រាស់ ហើយចំពោះការចំណាយវិញ ក៏តិចតួចផងដែរ ពោល គឺអ្នកប្រើប្រាស់បញ្ចូលលុយទូរសព្ទត្រឹមតែ ១ដុល្លារ អាចរៀនបាន១ថ្ងៃពេញ និងគ្រប់វីដេអូ (សម្រាប់តែ១ថ្ងៃ)។ ចំណែកបញ្ចូលទឹកប្រាក់ ១០ដុល្លារ អាចរៀនបាន ៣០ថ្ងៃ ហើយប្រសិនជាបញ្ចូលទឹកប្រាក់ ១៥ដុល្លារ អ្នកប្រើប្រាស់អាចរៀនបានរហូតដល់ទៅ ៩០ថ្ងៃឯណោះ៕