ចំណេះដឹង! តើ​អ្វី​ជា​យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន?

ដោយ៖ សាវុធ

ភ្នំពេញ៖ យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រកា​សលេខ ៩០៦ សហវ.ប្រក ចុះ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​ផ្នែក​ឯកជន​ក្នុងការ​ជម្រុញ​នូវ​អនុលោមភាព​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

យន្តការ​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ក្នុង​គោល បំណង​លើកកម្ពស់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​ល្អ ប្រកបដោយ​សមធម៌​សម្រាប់​ផ្នែក​ឯកជន​បន្ថែមទៀត។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរ​យន្តការ​នេះ ដោយ​ឈរលើ​ស្មារតី​ភាពជា​ដៃគូ​ស្នើ​ភាព​គ្នា​រវាង​គយ និង​ផ្នែក​ឯកជន  ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានសម្រេច​ចេញប្រកាស​លេខ ៣២០ សហវ.ប្រក ចុះ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពី​ការកែសម្រួល​សមាសភាព​និង​កិច្ចដំណើរការ​ភាព ជា​ដៃគូ​គយ-ផ្នែក​ឯកជន ដោយ​កែសម្រួល​ឲ្យ​មាន​សហប្រធាន​ជា​តំណាង អគរ និង​ផ្នែក​ឯកជន​ក្នុង​សម​សភាព​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស​ទាំង​បី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមការងារ​បច្ចេកទេស​ទាំងបី​មាន ៖

១. ក្រុមការងារ​គយ-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​កាត់ដេរ

២. ក្រុមការងារ​គយ-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ

៣. ក្រុមការងារ​គយ-ធុរកិច្ច​បម្រើ​ទីផ្សារ​ក្នុងស្រុក

យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន​គឺជា​យន្តការ​សម្របសម្រួល​ឲ្យ​មាន​កិច្ចសហការ និង​ការយោគយល់​គ្នា​ទៅវិញទៅមក រវាង​រដ្ឋបាល​គយ​និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​គយ​ឲ្យ​អស់​លទ្ធភាព​ជាមុន មុននឹង​ឈានទៅ​ដោះស្រាយ​កម្រិត​អន្តរក្រសួង ឬ​ដាក់ជូន​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។  នេះ​គឺជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការធានា​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នៃ​កិច្ច​សម្រួល ពាណិជ្ជកម្ម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​យន្តការ​ភាពជា​ដៃគូ​គយ​និង​ផ្នែក​ឯកជន​ប្រកបដោយ​ប្រសិទ្ធភាព តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ដោះស្រាយ នូវ​រាល់​បាតុភាព​អសកម្ម ដែល​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ចជាតិ​មិន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here