ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ស្រុកក្រគរ នឹងរៀបចំឲ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅពេលខាងមុខនិងត្រូវរៀបចំប្រព័ន្ធដឹកជញ្ជូនឲ្យបានល្អប្រសើរ ពិសេសការប្រើប្រាស់ផ្លូវដែក។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបិទសន្និបាតការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ មករាថា កម្ពុជាមិនមានតម្រូវការវិនិយោគ សាងសង់រថភ្លើងល្បឿនលឿន ដែលចំណាយថវិកា រាប់ពាន់លានដុល្លារនោះទេ ពោលគ្រាន់តែកែសម្រួលអ្វីដែលមានស្រាប់។
ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញអនុវត្តគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ (SHV-LC) ហើយត្រូវគិតគូរលើការជំរុញគាំទ្រ ដល់វិនិយោគលើគម្រោងអាទិភាពនានា ដែលបានកំណត់ នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។
ចំពោះការងារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន សម្តេច សូមក្រសួងបន្តពង្រឹង កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍ ក្នុងការអភិវឌ្ឍ និងកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនីតិវិធីផ្សេងៗនៅច្រកទ្វារព្រំដែន និងដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ឆ្លងកាត់ព្រំដែន និងរួមចំណែកការធ្វើសមាហរណកម្ម សេដ្ឋកិច្ចជាមួយប្រទេសជិតខាង និងក្នុងតំបន់។
សម្ដេចបវរធិបតីបញ្ជាក់ថា “ប្រព័ន្ធដឹកជញ្ជូនមានសារៈសំខាន់ មិនត្រឹមតែបម្រើឲ្យក្នុងប្រទេស ក៏មានសារៈសំខាន់ ក្នុងការប្រកួតប្រជែងនៅក្រៅប្រទេស”៕