NBC៖ ប្រព័ន្ធ​បាគង បាននិងកំពុង​ចូលរួម​ក្នុងការ​ជំរុញ​ការទូទាត់​មិន​ប្រើ​សាច់ប្រាក់​នៅ​កម្ពុជា

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​បាគង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆែ​ន (Blockchain) និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពីថ្មីៗនេះ បាននិងកំពុង​ចូលរួម​ក្នុងការ​ជំរុញ​ការទូទាត់ (មិន​ប្រើ​សាច់ប្រាក់)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈពេល​នេះ តម្រូវការ​ទូទាត់​អេឡិចត្រូនិក​មានការ​កើនឡើង ក្នុង​បរិការណ៍​ប្រទេស​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩ ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ។

ជាក់ស្ដែង ដោយ​មើលឃើញ​ពី​ការទូទាត់​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ពុំទាន់​មានលទ្ធភាព​អាចធ្វើ​ការទូទាត់​ឆ្លង​គ្រឹះស្ថាន​បាន ហើយ​គ្រឹះស្ថាន​ភាគច្រើន​បានរៀបចំ​ប្រព័ន្ធ​ទូទាត់ សម្រាប់​បម្រើសេវា​ជូន​តែ​អតិថិជន របស់​គ្រឹះស្ថាន​ផ្ទាល់ខ្លួន​ប៉ុ ណ្ណោះ។

កត្តា​ទាំងនេះ ធ្វើ​ឲ្យ​មាន​ផល​ពិបាក​សម្រាប់​អតិថិជន ក្នុងការ​ទូទាត់​នឹង​ផ្ទេរប្រាក់ ថែមទាំង​ធ្វើឱ្យមាន​កម្រៃ​ខ្ពស់។

លោកជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ NBC បាន​ដឹកនាំ​ផ្ទាល់ ដោយបាន​អភិវឌ្ឍ​ប្រព័ន្ធ​បាគង ដែល​ប្រព័ន្ធ​នេះ​ដើរតួនាទី ជា​ប្រព័ន្ធ​ទូទាត់​កន្លោង (Backbone payment system) សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំង​អស់ត​ភ្ជាប់​ទៅនឹង​បំ​ណ្តុំ​រួម​តែមួយ។

ប្រព័ន្ធ​បាគង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ស្នូល សម្រាប់​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​សមាជិក អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​ឆ្លង​ប្រព័ន្ធ​គ្នា​ទៅវិញទៅមក (Interoperability) ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព មិន​គិត​កម្រៃ​សេវា​ផ្ទេរប្រាក់ កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ។

ទន្ទឹមនេះ ប្រព័ន្ធ​ទូទាត់​បាគង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆែ​ន (Blockchain) ត្រូវបាន​អភិវឌ្ឍ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

NBC បានឱ្យដឹងថា “ប្រព័ន្ធ​បាគង បាននិងកំពុង​ចូលរួម ក្នុងការ​ជំរុញ​ការទូទាត់ (មិន​ប្រើ​សាច់ប្រាក់) ដែល​យើង​សង្កេតឃើញថា តម្រូវការ​ទូទាត់​អេឡិចត្រូនិក​មានការ​កើនឡើង ក្នុង​បរិការណ៍​ប្រទេស​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩” ។

ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​បាគង គឺជា​ជោគជ័យ​ថ្មី​មួយទៀត ដែល​ធនាគារជាតិ​នៃ​កម្ពុជា​សម្រេចបាន ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ ដែល​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន ព្រមទាំង​រួមចំណែក​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល ស្របតាម​បដិវត្តន៍​ឧស្សាហកម្ម៤.០ និង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here