ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានប្រែប្រួលតិចតួច ឬអាចនិយាយថា “ស្ថិតក្នុងសភាពទ្រឹង”នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈមានការរំពឹងទុកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីអាចបន្ធូរបន្ថយទណ្ឌកម្មលើការនាំចេញថាមពលរបស់ប្រទេសរុស្ស៊ី ជាថ្នូរនឹងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះត្រឹមតែ៦សេន ឬ០,០៧% មកនៅត្រឹម៨០,៧៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0229 GM បន្ទាប់ពីបានធ្លាក់ចុះ០,៦២ភាគរយគិតត្រឹមពេលបិទការជួញដូរក្នុងតម្លៃ៨០,៧៩ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានកើនឡើង១០សេនឬ០,១៣% ដល់៧៧,៩៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ១,០២% គិតត្រឹមពេលបិទការជួញដូរក្នុងតម្លៃ៧៧,៨៨ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ក្រុមអ្នកវិភាគនៅធនាគារ ANZ លើកឡើងថា “ការដាក់ទណ្ឌកម្មថ្មីអាចជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងជិត១លានបារ៉ែលក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ី។ ប៉ុន្តែ ការកើនឡើងនៃតម្លៃប្រេងនាពេលថ្មីៗនេះអាចមានរយៈពេលខ្លី អាស្រ័យលើសកម្មភាពរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ”៕