ដោយៈ គង់ សូរិយា
ភ្នំពេញៈ រោងចក្រផលិតស្រោមដៃ របស់ក្រុមហ៊ុនHESTRA (Cambodia) Co., Ltd. នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញកាលពីសប្តាហ៍មុន។
លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាកិត្តិយស ចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការរបស់ក្រុមហ៊ុនHESTRA (Cambodia) Co., Ltd. ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដោយមានការចូលរួម ពីសំណាក់លោកជំទាវ Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញនិងមន្រ្តីពាក់ព័ន្ឋ។
លោកជា វុទ្ឋីបានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលបានសម្រេចចិត្តមកបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា ដែលកន្លងមកក្រុមហ៊ុនធ្លាប់តែមានវត្តមាននៅប្រទេសចិន ហុងគ្រី និងវៀតណាម។
HESTRA គឺជាក្រុមហ៊ុនផលិតស្រោមដៃ ឈានមុខគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះ ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៣៦។
លោកអគ្គលេខាធិការ ក៏បានលើកឡើងពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និងការបន្តដាក់ចេញនូវ វិធានការគោលនយោបាយ និងការគាំទ្រនានា ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជា ជាមួយនឹងការបន្តខិតខំប្រឹងប្រែងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើនផ្នែក៕