តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែការព្រួយបារម្ភចំពោះការផ្គត់ផ្គង់ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនផលិតប្រេងរុស្ស៊ីចំនួន២ និងការបង្ហើបអំពីគោលបំណងទម្លាក់អត្រាការប្រាក់ពីសំណាក់ក្រុមមន្ត្រីនៃធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៣សេន ឬ០,២% ដល់៨១,៤២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0113 GMT បន្ទាប់ពីបានបិទការជួញដូរត្រឹមតម្លៃចំនួន៨១,២៩ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures បានកើនឡើង២៧សេន ឬ០,៣% ដល់៧៨,៩៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានបិទការជួញដូរត្រឹមតម្លៃចំនួន៧៨,៦៨ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Toshitaka Tazawa អ្នកវិភាគនៅក្រុមហ៊ុន Fujitomi Securities បានអះអាងថា ក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនផលិតប្រេង និងនាវាដឹកប្រេងរបស់រុស្ស៊ី បូករួមទាំងការរំពឹងទុកចំពោះការងើបឡើងវិញផ្នែកតម្រូវការ ដោយសារការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក កំពុងជំរុញតម្លៃប្រេងឆៅ។

លោកបានបញ្ជាក់បន្ថែមថា “ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈ ដោយសារតែអាកាសធាតុត្រជាក់នៅសហរដ្ឋអាមេរិក ក៏ជាកត្តានាំឱ្យតម្លៃប្រេងឆៅកើនឡើងផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here