ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញ
លោកតាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការចរចា និងសេចក្តីព្រៀងវិធានដើមកំណើតទំនិញសម្រាប់កម្ពុជា”។
វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមករា ឆ្នាំ២០២៥ សហការរៀបចំដោយវិទ្យាស្ថាន បណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានចុះក្រសួងពាណិជ្ជកម្ម ឯកឧត្តមអគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវប្រទេសស្វីស ព្រមទាំង លោក លោកស្រី មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
វគ្គបណ្តុះបណ្តាលនេះ គឺផ្តោតលើនីតិវិធីនៃការចរចាចុះកិច្ចព្រមព្រៀងវិធានដើមកំណើតទំនិញ និងការអនុវត្តក្នុងបរិបទនៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចLDC ដែលធ្វើបទបង្ហាញ និងកិច្ចអន្តរាគមន៍ ដោយវាគ្មិនជំនាញចរចាលើកិច្ចព្រមព្រៀង វិធានដើមកំណើតទំនិញ។
លោករដ្ឋលេខាធិការ ជំរុញឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់លើការសិក្សារៀនសូត្រ និងចូលរួមពិភាក្សាអំពីករណីសិក្សាឱ្យបានផុសផុល និងចូលរួមចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹង ពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ៕