តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនាពេលបើកទីផ្សារជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រទេសចិន និងឥណ្ឌាបានស្វែងរកអ្នកផ្គត់ផ្គង់ថ្មី បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោកចូ បៃដិន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើប្រេងរុស្ស៊ី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២២សេន ឬ០,២៧% មកនៅត្រឹម៨០,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0122 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ចុះ១៦សេន ឬ០,២% មកនៅត្រឹម៧៨,៦៦ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅបានកើនឡើងប្រហែល២ភាគរយ នៅក្នុងការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Gazprom Neft និងក្រុមហ៊ុន Surgutneftegas របស់រុស្សុី ក៏ដូចជានាវាចំនួន១៨៣គ្រឿង ដែលបានដឹកប្រេងរបស់រុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាត់ការនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រទេសរុស្ស៊ីខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយខែៗ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីអាមេរិកមួយរូប។

ដោយឡែក លោក Robert Rennie អ្នកវិភាគនៅក្រុមហ៊ុន Westpac បានអះអាងថា វិធានការថ្មីនេះអាចជះផលប៉ះពាល់ដល់ការនាំចេញប្រេងឆៅរបស់រុស្ស៊ីចំនួន៨០មុឺនបារ៉ែលក្នុងមួយថ្ងៃ និងការនាំចេញប្រេងម៉ាស៊ូតចំនួន១៥មុឺន បារ៉ែលក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here