តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងយ៉ាងគំហុកនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងយ៉ាងគំហុកក្នុងការជួញដូរនៅថ្ងៃច័ន្ទនេះ ដោយសារតែការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងបង្កផលប៉ះពាល់ដល់ការនាំចេញប្រេងឆៅរបស់ប្រទេសរុស្ស៊ីទៅកាន់ប្រទេសចិន និងឥណ្ឌា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,៤៨ដុល្លារ ឬ១,៨៦% ដល់៨១,២៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0113 GMT ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ចំណែក តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១,៥៣ដុល្លារ ឬ២% ដល់៧៨,១០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងរតនាគារអាមេរិកបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនផលិតប្រេងរបស់រុស្សុីចំនួន២ រួមមានក្រុមហ៊ុន Gazprom Neft និងក្រុមហ៊ុន Surgutneftegas ក៏ដូចជានាវាចំនួន១៨៣គ្រឿង ដែលបានដឹកជញ្ជូនប្រេងចេញពីរុស្ស៊ី។

ក្រុមពាណិជ្ជករ និងក្រុមអ្នកវិភាគបានលើកឡើងថា ការនាំចេញប្រេងរបស់រុស្ស៊ីនឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារទណ្ឌកម្មថ្មី ដែលជំរុញឱ្យប្រទេសចិន និងឥណ្ឌាងាកទៅរកប្រភពប្រេងឆៅកាន់តែច្រើនពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងទ្វីបអាមេរិក ដែលនឹងធ្វើឱ្យតម្លៃប្រេង និងថ្លៃដឹកជញ្ជូនកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here