ទិដ្ឋភាពទីផ្សារការិយាល័យនៅសិង្ហបុរីមានការប្រែប្រួល ខណៈក្រុមហ៊ុនចិនកំពុងងាកទៅជួលការិយាល័យទំហំតូចជាងមុន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាចិន SenseTime Group កំពុងកាត់បន្ថយទីតាំងការិយាល័យរបស់ខ្លួនក្នុងប្រទេសសិង្ហបុរី ស្របពេលក្រុមហ៊ុននេះកំពុងជួបប្រទះការលំបាកក្នុងការប្រកួតប្រជែងក្នុងយុគសម័យក្រោយបច្ចេកវិទ្យា ChatGPT។

ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត SenseTime កំពុងផ្លាស់ប្ដូរចេញពីទីតាំងការិយាល័យរបស់ខ្លួននៅចំកណ្តាលទីក្រុងសិង្ហបុរីទៅកាន់ការិយាល័យ ដែលមានទំហំតូចជាងមុននៅក្នុងសង្កាត់ដែលមានតម្លៃជួលទាបជាងនេះ។

ក្រុមហ៊ុន SenseTime កំពុងរើទីតាំងការិយាល័យទំហំប្រហែល១.០២២ម៉ែត្រការ៉េចេញពីអគារ Frasers Tower ដើម្បីស្វែងរកទីតាំងថ្មី ដែលនឹងមិនស្ថិតនៅចំកណ្តាលទីក្រុងសិង្ហបុរីទៀតឡើយ។ នេះបើយោងតាមប្រភព ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះបញ្ហានេះជាការសម្រេចចិត្តឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសម្រេចចិត្ដរបស់ក្រុមហ៊ុន SenseTime បានធ្វើឡើង ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀត រួមទាំងក្រុមហ៊ុន ByteDance កំពុងពង្រីកខ្លួននៅបរទេស ដើម្បីគេចចេញពីបញ្ហាសេដ្ឋកិច្ចក្នុងស្រុក។

ការកាត់បន្ថយទំហំការិយាល័យនេះគូសបញ្ជាក់ពីយុទ្ធសាស្ដ្ររបស់ក្រុមហ៊ុន SenseTime ក្នុងការកាត់បន្ថយការចំណាយលើការជួល ខណៈក្រុមហ៊ុននេះកំពុងជួបប្រទះការពិបាកក្នុងការប្រកួតប្រជែងជាមួយដៃគូប្រជែងថ្មីនៅក្នុងសង្វៀន Al ។

និន្នាការនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរពីការប្រែប្រួលនៃទិដ្ឋភាពទីផ្សារការិយាល័យរបស់ប្រទេសសិង្ហបុរី ដែលធ្លាប់តែពឹងផ្អែកលើការពង្រីកទំហំការិយាល័យដោយក្រុមហ៊ុនចិន។

ផ្ទុយទៅវិញ ទីផ្សារការិយាល័យរបស់សិង្ហបុរីនៅពេល​នេះ​កំពុង​ធ្លាក់​ចុះ ខណៈ​ក្រុមហ៊ុន​ចិនទាំងនោះបានសម្រេចកាត់​បន្ថយ​ការ​ចំណាយលើការជួល ដោយងាកទៅរកការិយាល័យដែលមានទំហំតូចជាងមុន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here