ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈតំបន់មួយចំនួននៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបកំពុងធ្លាក់ព្រិលទឹកកក ជាហេតុនាំឱ្យមានតម្រូវការប្រេងឥន្ធនៈសម្រាប់កំដៅ។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៤សេន ឬ០,៣% ដល់៧៧,១៦ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0138 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង២៦សេន ឬ០,៤%ដល់៧៤,១៨ដុល្លារក្នុងមួយបារ៉ែល។
ក្នុងរយៈពេលប្រមាណ៣សប្តាហ៍កន្លងមកនេះ រាប់បញ្ចប់ត្រឹមថ្ងៃសុក្រ ទី១០ ខែមករា តម្លៃប្រេងឆៅ Brent បានកើនឡើង៥,៩% ខណៈពេលដែលតម្លៃប្រេងឆៅ WTI បានកើនឡើង៦,៩%។
ក្រុមអ្នកវិភាគនៅធនាគារ JPMorgan បានវាយតម្លៃថា ការកើនឡើងនៃតម្លៃប្រេងនាពេលថ្មីៗនេះបណ្តាលមកពីការព្រួយបារម្ភលើការរំខានការផ្គត់ផ្គង់ ដោយសារតែការរឹតបន្តឹងការដាក់ទណ្ឌកម្ម ខណៈស្តុកប្រេងមានកម្រិតទាប សីតុណ្ហភាពត្រជាក់នៅតំបន់ជាច្រើននៃសហរដ្ឋអាមេរិក និងអឺរ៉ុប និងវិធានការជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិន៕