ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងការត្រៀមរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដឹកនាំដោយលោកជំទាវ ហួត លីដា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលេខាធិការដ្ឋានពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី និងសមាជិក សមាជិកាពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារលម្អិត ដែលត្រូវបានបែងចែកជូន ដល់ក្រុមការងារតាមផ្នែកនីមួយៗ ដើម្បីជំរុញការងាររៀបចំលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យមានភាពត្រឹមត្រូវ និងច្បាស់លាស់ ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវប្រធានក្រុមការងារ ក៏បានបន្តពិនិត្យ និងពិភាក្សាលើការងារត្រៀមលក្ខណៈ សម្រាប់ការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសម្របសម្រួល និងសហការ ជាមួយក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ខាងមុខ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងនោះ ការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាការងារអាទិភាពគន្លឹះដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ បាននិងកំពុងផ្តល់កិច្ចសហការ សម្របសម្រួលជូនគ្រប់ក្រសួង ស្ថាប័ន ដើម្បីជំរុញការងារនេះឱ្យទទួលបាននូវវឌ្ឍនភាព និងបញ្ចប់ជោគជ័យស្របតាមចក្ខុវិស័យ និងទិសដៅការងាររបស់រាជរដ្ឋាភិបាល៕