ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈរបាយការណ៍បានបង្ហាញថា ស្តុកប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានកើនឡើងកាលពីសប្តាហ៍មុន ហើយនេះជាសញ្ញាបង្ហាញពីការថយចុះនៃតម្រូវការ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៨សេនមកនៅត្រឹម៧៥,៨៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0125 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៣០សេនមកនៅត្រឹម៧៣,០២ដុល្លារក្នុងមួយបារ៉ែល។
យោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះថា ស្តុកប្រេងសាំងបានកើនឡើង៦,៣លានបារ៉ែលកាលពីសប្តាហ៍មុនដល់ចំនួន២៣៧,៧លានបារ៉ែលនៅក្នុងស្តុក។
លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS Trading ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Nissan Securities បានលើកឡើងថា “ការកើនឡើងនៃស្តុកឥន្ធនៈរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យមានការលក់ប្រេងចេញ។ ប៉ុន្តែ អត្រានៃការធ្លាក់ចុះនៅមានកម្រិត ដោយសារតែតម្រូវការប្រេងសម្រាប់ប្រើប្រាស់នារដូវរងានៅតំបន់អឌ្ឍគោលខាងជើង”៕