ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃពុធនេះ ខណៈការផ្គត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ី និងសមាជិកអង្គការ OPEC បានធ្លាក់ចុះ គួបផ្សំនឹងស្ថិរភាពនៃទីផ្សារការងាររបស់សហរដ្ឋអាមេរិកបានចង្អុលបង្ហាញពីការពង្រីកសកម្មភាពសេដ្ឋកិច្ច និងការកើនឡើងនៃតម្រូវការប្រេង។
តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង៣២សេន ឬ០,៤២% ដល់៧៧,៣៧ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0135 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៤២សេន ឬ០,៥៧% ដល់៧៤,៦៧ដុល្លារក្នុងមួយបារ៉ែល។
យោងតាមការស្ទង់មតិរបស់កាសែត Reuters បានបង្ហាញថា ទិន្នផលប្រេងពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) បានធ្លាក់ចុះនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ដោយសារការជួសជុលថែទាំអណ្តូងប្រេងនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) ។
ដោយឡែក កាសែត Bloomberg បានរាយការណ៍ថា ទិន្នផលប្រេងនៅក្នុងប្រទេសរុស្ស៊ីមានទំហំជាមធ្យមចំនួន៨,៩៧លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែធ្នូ ដែលទាបជាងគោលដៅរបស់ប្រទេសរុស្ស៊ី៕