ដោយ: គង់ លាងហួរ
អន្តរជាតិ: ទុនបម្រុងរបស់ប្រព័ន្ធធនាគារអាមេរិក ដែលជាកត្តាមួយដ៏សំខាន់ក្នុងការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក (Fed) បានដាំក្បាលចុះមកនៅក្រោមទំហំទឹកប្រាក់៣ទ្រីលានដុល្លារ។នេះជាកម្រិតទាបបំផុតរាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២០។
នារយៈពេលមួយសប្តាហ៍ ដែលគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ទុនបម្រុងនៅធនាគារកណ្តាលអាមេរិកបានធ្លាក់ចុះប្រហែល៣២៦ពាន់លានដុល្លារមកនៅត្រឹមចំនួន២,៨៩ទ្រីលានដុល្លារ។
យោងតាមទិន្នន័យរបស់ធនាគារ Fed ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករាបានឱ្យដឹងថា ការធ្លាក់ចុះនេះជាការធ្លាក់ចុះដ៏ធំបំផុតប្រចាំសប្តាហ៍ ដែលមិនធ្លាប់មានក្នុងរយៈពេលជាង២ឆ្នាំកន្លះកន្លងទៅ។
ធនាគារកណ្តាលអាមេរិកបាននិងកំពុងដកហូតសាច់ប្រាក់លើសចេញពីប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការរឹតបន្តឹងបរិមាណ(QT)របស់ខ្លួន។ ការរឹតបន្តឹងបរិមាណ (QT) ជាឧបករណ៍គោលនយោបាយរូបិយវត្ថុ ដែលអនុវត្តន៍ដោយធនាគារកណ្តាល ដើម្បីកាត់បន្ថយបរិមាណសាច់ប្រាក់ងាយស្រួល ឬការផ្គត់ផ្គង់សាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា។
ឧបករណ៍គោលនយោបាយ QT កម្រត្រូវបានគេប្រើប្រាស់ណាស់ លើកលែងតែនៅពេលដែលហានិភ័យនៃអត្រាអតិផរណាមិនអាចស្ថិតការគ្រប់គ្រងបានប៉ុណ្ណោះ។
ជាក់ស្ដែង ធនាគារកណ្តាលអាមេរិក (Federal Reserve) បានចាប់ផ្តើមកម្មវិធីគោលនយោបាយ QT ក្នុងឆ្នាំ២០២២ ដើម្បីកាត់បន្ថយតារាងតុល្យការ(Balance Sheet) របស់ខ្លួន និងដោះស្រាយបញ្ហាអតិផរណា។
ស្របពេលដែលក្រុមមន្ត្រីបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកបន្តអនុវត្តន៍គោលនយោបាយ QT ក្រុមអ្នកវិភាគនៅសង្កាត់ហិរញ្ញវត្ថុ Wall Street របស់សហរដ្ឋអាមេរិកក្នុងទីក្រុងញូវយ៉ក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្រិតទាបបំផុតនៃចំនួនទុនបម្រុង ដែលធនាគារកណ្តាលអាមេរិកកាន់កាប់៕ប្រភព: Bloomberg៕