ដោយ: គង់ លាងហួរ
អន្តរជាតិ: ចាប់ពីឆ្នាំ២០២៥នេះ ដល់ឆ្នាំ២០២៩ខាងមុខ ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers រំពឹងថា រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីននឹងស្រូបទាញបានការផ្គត់ផ្គង់ខុនដូថ្មីចំនួន២០.៧០០យូនីត ដោយតំបន់ Makati នឹងគ្របដណ្តប់ចំណែក១២ភាគរយនៃការផ្គត់ផ្គង់ថ្មី។
គម្រោងខុនដូទាំងនោះ រួមមានដូចជាគម្រោង Eluria របស់ក្រុមហ៊ុន Arthaland គម្រោង Parkford Suites របស់ក្រុមហ៊ុន Alveo Land និងគម្រោង The Estate របស់ក្រុមហ៊ុន Federal Land។នេះបើយោងតាមរបាយការណ៍សិក្សាពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers។
ដោយសារកង្វះដីធ្លីនៅតំបន់ Makati CBD បណ្តាក្រុមហ៊ុនអចលនទ្រព្យនានាបាននិងកំពុងជួសជុលឡើងវិញនូវអគារខុនដូចាស់ៗឱ្យក្លាយទៅជាគម្រោងថ្មី។ជាក់ស្តែង ក្រុមហ៊ុន Ayala Land Premier បានអភិវឌ្ឍន៍ឡើងវិញនូវសណ្ឋាគារ Mandarin Oriental និងអគារ LeParc Apartments ទៅជាគម្រោងខុនដូ Park Central Towers និងគម្រោងផ្ទះវីឡា Park Villas។
ទន្ទឹមនឹងនេះដែរ អគារចំណតរថយន្ត Dela Rosa Carpark 2 នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល Makati របស់រដ្ឋធានីម៉ានីល នឹងត្រូវបានប្រែក្លាយទៅជាគម្រោងខុនដូដ៏ប្រណិតមួយ ដែលមានឈ្មោះថា “Laurean”។ កង្វះដីធ្លីបាននាំឱ្យក្រុមហ៊ុននានាសម្រេចចិត្តផ្លាស់ប្តូរមុខងារអគារចាស់ៗទៅជាគម្រោងខុនដូ។
លើសពីនេះ សភាហ្វីលីពីនបានស្នើបង្កើតច្បាប់ស្តីពីការអភិវឌ្ឍន៍ខុនដូក្នុងគោលបំណងជួយសម្រួលដល់ការអភិវឌ្ឍន៍ជួសជុលឡើងវិញនូវអគារខុនដូដែលមានវ័យចំណាស់ ដូចជាការបន្ធូរបន្ថយរបាំងផ្លូវច្បាប់ ឬនីតិវិធីផ្សេងៗ។
ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត នោះតំបន់ Makati អាចនឹងទទួលបានអត្ថប្រយោជន៍ ព្រោះការអភិវឌ្ឍន៍អគារខុនដូចាស់ៗឡើងវិញអាចទាក់ទាញការវិនិយោគកាន់តែច្រើន កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនតម្លៃអចលនទ្រព្យ៕ប្រភព: Business World ៕